ប្រទេស​ថៃបង្ហាញ​ភាព​ជឿ​ជាក់​ថា នឹងឡើង​លំដាប់​ថ្នាក់​ក្នុង​បញ្ជី​វិនិយោគ​នៅ​កម្ពុជា​

Comment (s) / 14-Sep-2015ទិញ លក់


លោកស្រី​ ជីរ៉ាណុន ​វង្សមង្គល​ (Chiranol Vongmongkol) ​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូតថៃ ​ប្រចាំនៅ​កម្ពុជា​ បាន​បង្ហាញ​ការ​រំពឹង​ទុក​ថា ប្រទេសថៃ​នឹង​ឡើង​លំដាប់​ថ្នាក់​ក្នុង​បញ្ជីវិនិយោគ​បរទេស​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​ប្រទេស​ថៃ​ជាប់​លំដាប់​ថ្នាក់​ត្រឹម​លេខ ៨ប៉ុណ្ណោះ។

លោកស្រី​ ជីរ៉ាណុន ​បាន​មាន​ប្រសាសន៍​ឲ្យដឹង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដីពី​ការរៀបចំ​ពិពណ៌ ​Thailand Lighting Fair ឆ្នាំ2015  ថា​ ប្រទេស​ថៃ និង​កម្ពុជា​មាន​ទំនាក់​ទំនង​យូរ​អង្វែង​ណាស់​មក​ហើយ ​ដោយ​សារតែ​ទំនាក់ទំនង​នេះ ​បាននាំ​មក​នូវភាព​សម្បូរ​រុងរឿង​ដល់​ផ្នែក​សេដ្ឋកិច្ច​នៃប្រទេស​ទាំង​ពីរ។ ​អ្នក​ស្រី​បញ្ជាក់​ថា ​អ្នក​វិនិយោគ​ថៃ​បាន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ​ ១៩៩៣​មក​ម្លេះ។ ​



សូម​រម្លឹកថា​ កាល​ពីឆ្នាំ ២០១៤​កន្លង​ទៅ​ ការ​ធ្វើ​ជំនួញ​រវាង​ប្រទេស​ថៃ និង​កម្ពុជា​មាន​ចំនួន​សរុប​ប្រហែល​ ៥ពាន់​លាន​ដុល្លារ​អាមេរិក។​ ហើយ​ក្នុងរយៈ​ពេល​ ៤ខែ​ដើម​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង​រហូត​ដល់​២០%។​ លោក​ស្រីអគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូត​ថៃ ​បាន​លើក​ឡើងថា ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ចំនួន​ ៧% ​ជារៀងរាល់​ឆ្នាំ​អស់​រយៈ​ពេល​៥ឆ្នាំ​ជាប់​ៗគ្នា។​ ហើយ​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​ដែល​មាន​ការលូត​លាស់​សេដ្ឋកិច្ច​លឿន​ជាង​គេនៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ជាប្រទេស​ដែល​មាន​ភាពទាក់​ទាញ​បំផុត​សម្រាប់​អ្នក​វិនិយោគ​បរទេស។​



ប្រទេស​ថៃក្នុង​ពេល​បច្ចុប្បន្ន​ ជាអ្នក​វិនិយោគ​បរទេស​ទី៨​ក្នុង​ប្រទេស​កម្ពុជា។ ​បើទោះ​ជាយ៉ាង​ណា​អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ទូតថៃ​ ប្រចាំ​នៅ​កម្ពុជា​បង្ហាញ​ការជឿជាក់​ថា ​ប្រទេស​ថៃ​នឹង​ឡើង​លំដាប់​ថ្នាក់​ខ្ពស់​ក្នុង​ថ្ងៃ​អនាគត​។​


សូម​បញ្ជាក់​ថា ក្នុង​ត្រីមាស​ទី១ឆ្នាំ​២០១៥ ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេសថៃ​ មាន​ចំនួន​ទឹក​ប្រាក់​សរុប​ ១៥៩៦.៦៥លាន​ដុល្លា​អាមេរិក​ ក្នុង​នោះប្រទេស​ថៃនាំ​ចូល​មក​កម្ពុជា​មាន​ទឹកប្រាក់​ចំនួន​ ១៣៣៥.៣៧​លានដុល្លា​ ចំណែក​ឯកម្ពុជា​នាំចូល​ទៅថៃ​មាន​ចំនួន​ទឹក​ប្រាក់​ត្រឹមតែ​ ២៦១.២៨​លាន​ដុល្លា​ប៉ុណ្ណោះ ​គិតត្រឹម​ត្រីមាស​ទី១​ក្នុង​ឆ្នាំ​២០១៥​ដូច​គ្នា៕​


អត្ថបទ៖ វ៉ាន វណ្ណនីដា
​​​​ ​​​​​​ ​​

Related News

Comment..