អង្ករក្រ​អូប​កម្ពុជា៖​ ទាក់ចិត្ត​អ្នក​ទស្សនា ​១លាននាក់ ​ក្នុង​ពិព័រណ៍​ពិភព​លោក​នៅ​អ៊ីតាលី​

Comment (s) / 16-Sep-2015ធុរៈកិច្ច


យ៉ាង​ហោច​ណាស់​មាន​អ្នក​ទស្សនា​គ្រប់​ជាតិ​សាសន៍​ប្រមាណ​ជា​ ១លាន​នាក់​បាន​ចាប់​អារម្មណ៍​លើការ​ដាក់​តាំង​បង្ហាញ​ប្រភេទ​អង្ករ​ក្រអូប​កម្ពុជា​ នៅក្នុង​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០១៥​ ដែល​បាន​នឹង​កំពុង​ធ្វើ​ឡើង​នៅ​ទីក្រុង​មី​លែន​ ប្រទេស​អ៊ីតាលី។​ នេះ​បើ​តាម​ការ​ឲ្យដឹង​របស់​លោក ​សុង សារ៉ន​ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។



សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ ​បាន​ឲ្យដឹង​ថា ​ការចូល​រួម​ពិព័រណ៍​ពិភព​លោក​នៅ​ទីក្រុង​មីលែន ​គឺត្រូវបាន​រៀ​ប​ចំ​ដោយ​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម ​និង​ក្រសួង​ពាក់​ព័ន្ធ ​រួមជា​មួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ​លោក​សុង ​សារ៉េន ថា​ វេទិកា​របស់​កម្ពុជា​ក្នុង​ការពិព័រណ៍​នេះ​មាន​ការ​ដាក់​បង្ហាញ​ឱ្យឃើញ​អំពីវ​ប្បធម៌​ប្រពៃណី ​សក្ដានុពល​ទេសចរណ៍​ និងផលិត​ផល​មួយ​ចំនួន ​ជាពិសេស​ គឺបង្ហាញ​អំពី​ការដាំ​ដុះ​ និង​ប្រភេទ​ស្រូវ​អង្ករ​ក្រអូប​របស់​កម្ពុជា ​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១ ​លើពិភព​លោក​ចំនួន​បី​លើក។ ​


សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ ​បាន​ឲ្យដឹង​ថា​ ចាប់​តាំង​ពីថ្ងៃ​បើ​ក​ពិព័រណ៍​រហូត​មក​ដល់​ពេល​នេះ​ គឺមាន​អ្នកមក​ទស្សនា​វេទិកា​របស់​កម្ពុជា​ប្រមាណជា​ ១លាននាក់​ហើយ​ ដោយ​ពួក​គេ​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​អំពី​ប្រភេទ​អង្ករ​ក្រអូប​ ដែល​កម្ពុជា​មាន។​ ក្រៅ​ពីអង្ករ​ក្រអូប ​ក៏មាន​ការដាក់​តាំង​ប្រភេទ​អង្ករស​ ផងដែរ​ ជាពិសេស​ គឺការ​បង្ហាញ​ជូន​នូវ​ដើម​ស្រូវ​ស្រស់ៗ​ឲ្យអ្នក​ទស្សនា​បាន​ឃើញ​ និងស្គាល់​អំពី​សក្តា​នុពល​ផ្នែក​កសិកម្ម​របស់​កម្ពុជា។​ ជាមួយ​គ្នា​នេះ​ក៏មាន​នូវការ​រៀបចំ​សិក្ខាសាលា​មួយ​ផ្សេង​ទៀត​ជជែក​អំពី​អង្ករ​កម្ពុជា ​ជាមួយ​តំណាង​ប្រទេស​នីមួយៗ​ ដែល​ចូល​រួមក្នុង​ពិព័រណ៍​នេះ​ផង​ដែរ។​


លោក​ សុង​ សារ៉ន​ បាន​បន្ថែម​ថា​ អ្វីដែល​ជាប្រយោជន៍​ពីការ​ផ្សព្វផ្សាយ​អង្ករ​ក្រអូប​កម្ពុជា​នៅក្នុង​ពិព័រណ៍​ពិភព​លោក​នៅទី​ក្រុង​មីលែន​ គឺអ្នក​ដែល​បាន​ប្រើប្រាស់​ចុង​ក្រោយ​គាត់​បាន​យល់ ​និងដឹង​យ៉ាង​ច្បាស់​លាស់​ថា ​កម្ពុជា​មាន​អង្ករ​ល្អ​ និង​ឈ្នះ​ពាន​រង្វាន់​លើឆាក​អន្ដរជាតិ ​ដែល​ជា​លទ្ធភាព​យូរ​អង្វែង​សម្រាប់​កម្ពុជា។ ​ជាមួយ​គ្នានេះ​ ជនជាតិ​ខ្មែរ​ ដែល​មកពី​ បណ្ដា​ប្រទេសនា​នាក្នុង​តំបន់​អឺរ៉ុប​ បានគាំ​ទ្រចំពោះ​វត្តមាន​វេទិកា​របស់​កម្ពុជា​ និង​ជួយ​ផ្សព្វផ្សាយ​បន្ដ​អំពី​អង្ករ​ក្រអូប​នៅក្នុង​ប្រទេស​ ដែល​ខ្លួនរស់​នៅ។ ​លោក​បន្ថែម​ថា​ នេះ​ក៏ជា​ការ​បង្ហាញ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា​លើឆាក​អន្ដរជាតិ​ ក្នុង​ឋានៈ​ជាប្រទេស​កសិកម្ម​មាន​លទ្ធភាព​ផលិត​ស្រូវអង្ករ​ និង​ទាក់​ទាញ​ឲ្យអ្នក​វិនិយោគ​មក​បណ្ដាក់​ទុន​រកស៊ី​លើវិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ផង​ដែរ។​


គួរ​បញ្ជាក់​ថា​ ក្នុងពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ ​នៅទីក្រុង​មីលែន​ កាល​ពីពាក់​កណ្ដាល​ខែសីហា​កន្លង​ទៅ ​ទេសរដ្ឋ​មន្ដ្រី ​ស៊ុន ​ចាន់ថុល​ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ​កម្ពុជា​ គឺជា​ប្រទេស​ដ៏ល្បីល្បាញ​មួយ​ខាង​វិស័យ​ផលិត​អង្ករ ​ហើយ​កំពុង​បន្តស្វែង​រក​មធ្យោបាយ​ ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​ប្រព័ន្ធ​ធារា​សាស្ត្រ ​និង​បច្ចេក​វិទ្យា​ថ្មីសម្រាប់​បង្កើន​ការផលិត​លើវិស័យ​នេះ។ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ​ក៏បាន​បើក​ឱកាស​ឲ្យវិនិយោ​គិន​បរទេស​សិក្សា ​និងដាក់​ទុន​វិនិយោគ​ជាមួយ​ផ្នែក​ឯកជន​កម្ពុជា​ ឬវិនិយោគ​ទាំង​ស្រុង​លើវិស័យ​នេះ ​ដើម្បី​ពង្រីក​លទ្ធភាព​ក្នុងការ​ធ្វើឃ្លាំង ​សម្ងួត​ស្រូវ ​និង​ផលិត​អង្ករ ​ដើម្បី​នាំចេញ​ផង​ដែរ។ ​ពិព័រណ៍​ពិភព​លោក​ ឆ្នាំ២០១៥​ ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ទីក្រុង​មីលែន​ ប្រទេស​អ៊ីតាលី​ ក្នុង​រយៈ​ពេល​៦ខែ​ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃទី​០១ ​ខែឧសភា​ ឆ្នាំ២០១៥​ និង​បញ្ចប់​ជាស្ថាពរ​នៅថ្ងៃ​ទី៣១​ ខែតុលា​ ឆ្នាំ​២០១៥៕​




ដោយៈ វ៉ាន វណ្ណនីដា
​​​​​​​​​​

Related News

Comment..