តើពេលណា ទើបខ្មែរនាំគ្នាឈប់លេងល្បែងអវិជ្ជា !

Comment (s) / 09-Dec-2016បទវិភាគ


បើគេដៀល​ថាខ្លួនឯង​ជាសត្វតិរច្ឆាន​ ខ្លួនឯង​ចេះខឹង​ច្រឡោត ។ ​បើគេដៀល​ថាខ្លួនឯង​ជាមនុស្សអវិជ្ជា​ ខ្លួនឯងចេះ​ខឹងច្រឡោត ​។ បើគេចោទ​ខ្លួនឯង​ថាជាពពួក​ចាស់សក់ស្កូវ​ល្បាយអាចម៍ខ្លា​បាតផ្សារ​មិនបានការ​ ខ្លួនឯង​ចេះប្រតិកម្ម​ដោយទោសៈ ​និងមានគំនិត​ចងគំនុំ​គំគួន​នឹងគេ​ ប៉ុន្តែសំណួរ​សួរថា៖ ​តើខ្លួនយើង ​ខ្លួនឯង​បច្ចុប្បន្ននេះ ​ពិតជា​បានប្រព្រឹត្ត​ទង្វើ​មិនគួ​រគប្បីណាមួយ​ដែលនាំឱ្យ​គេដៀល​យើងដោយ​ដំនៀល​អកុសល​បែបយ៉ាង​នេះយ៉ាង​នោះដែរឬទេ​ ?​ ចុះបើយើងពិតជា​អ្នកប្រកប​ដោយគតិ​បណ្ឌិត ​ពិតជាបុគ្គល​មានគំនិត​ចាស់ទុំ​សមរម្យពិត​ប្រាកដមែន​ តើយើងគួរ​តែត្រូវខឹង ​ឬចងគំនុំ​ជាមួយ​បុគ្គលល្ងិតល្ងង់​មិនដឹង​អីដែល​ដៀល​យើងថា​យ៉ាង​នេះយ៉ាង​នោះដែរ​ឬទេ?​ សម្រាប់​បុគ្គលជាចាស់​ទុំសមរម្យ​ និងប្រកប​ដោយ​គតិបណ្ឌិត​ពិតប្រាកដ​ គេនឹង​មិនទៅរវល់​នឹងរឿង​បែបកូនក្មេង​លេងដីបែបនេះ​នោះទេ ​ព្រោះវាគឺ​ជាការបន្ទាប​បន្ថោក​តម្លៃរបស់ខ្លួន​ដោ​


អតីតកាល ​គឺជាមេរៀន,​ បច្ចុប្បន្ន​ គឺជាការពិត​ ហើយថ្ងៃអនាគត ​គឺជាក្ដីសង្ឃឹម​សម្រាប់មនុស្សគ្រប់ៗរូប ​។ ពីអតីតកាល​រាប់រយតំណរ, ​ខ្មែរយើងពិត​ជាធ្លាប់​បានរុងរឿងមែ​ន ប៉ុន្តែដោយសារ​តែលំហូរ​ចូលមក ​និងការប្រព្រឹត្ត​ជារឿយៗ​នូវវប្បធម៌​អកុសល​ពាលាអាវ៉ាសែ​, វប្បធម៌​អមនុស្សធម៌,​ និងវប្បធម៌​ភក្ដីភាព​ទាំងងងឹត​ងងុល​និយមអស់​ទាំង​នោះរហូត​មកទល់សព្វថ្ងៃ​ ទើបបាន​ធ្វើឱ្យ​​ខ្មែរទាំងជំនាន់ៗ​ ភ្លេចអស់លែង​ស្គាល់ថា​ខ្លួនឯង​គឺជានរណា,​ ខ្លួនឯងធ្លាប់​មកពីណា​, ហើយត្រូវធ្វើអ្វី​បន្តសម្រាប់​សង្គមជាតិខ្មែរ​ដែលធ្លាប់​តែមាន​សិរីមួយនេះ ​និងជាហេតុ​នាំឱ្យ​ជនឱកាស​និយម ​នាំគ្នា​ឆ្លៀត​ពេលកាត់​ផ្ដាច់ចោល​នូវចរន្ត​ព្រលឹង​អរិយធម៌​របស់ខ្មែរ​បន្តិចម្ដងៗ​ និងបាន​បូមបញ្ចូល​នូវឈាម​ថ្មីម៉្យាង​ គឺឈាម​ពូជអវិជ្ជា​ ដែល​តម្រូវ​ឱ្យខ្មែរ ​និងខ្មែរ​ត្រូវតែ​ខាំកាប់​ចាក់សម្លាប់​គ្នាទៅវិញទៅមក​ ។ ​តើវាមកពី​គេខ្លាំង? ​ឬមកពីយើង​ចុះខ្សោយ​ដោយខ្លួនឯង?​


ពាក្យថា៖ ​អវិជ្ជា ​នៅក្នុងន័យ​នេះពុំមែន​សម្ដៅ​ចំពោះ​បុគ្គល​ដែលមិន​បានរៀនសូត្រ ​ឬមិនបាន​ចូលសាលារៀន​តែប៉ុណ្ណេះទេ ​ប៉ុន្តែគឺ​វាក៏សម្ដៅ​ដល់ការសិក្សា​នូវវិជ្ជា​ភាន់ច្រឡំ​ទាំងឡាយ​ណាបែបខុស​ថាជាត្រូវ,​ បែបទោស​ថាជាគុណ, ​បែបបាប​ថាជាបុណ្យ, ​ឬបែបនាំ​ទៅរកសេចក្ដី​វិនាសថា​ជាការអភិវឌ្ឍន៍​ជាដើម ។​ កាលណា​បុគ្គល​ខ្មែរម្នាក់​ទទួលបាននូវ​ការអប់រំ​ក្នុងផ្លូវខុស​ ឬសិក្សា​បានត្រឹមតែ​កម្រិត​ថ្នាក់​លោកីយ ​យល់ត្រឹមតែ​ទ្រឹស្ដីជាន់ទាប ​នោះវានឹង​នាំឱ្យបុគ្គល​នោះយល់​​​ច្រឡំ​យ៉ាងធំធេង​ក្នុង​ទ្រឹស្ដី​រវាង​បរិបទពាល​ និងបណ្ឌិត,​ បន្ទាប់​មកវា​នឹងនាំឱ្យ​មានការ​ប្រកាន់មាំ​ជាខ្លាំង​ក្នុងភាព​ជាអញនិយម​​ជ្រុលនៃ​បុគ្គលនោះ​ និងឈាន​ដល់ការប្រព្រឹត្ត​អំពើអម​នុស្សធម៌​ជាច្រើន​ប្រការ​ប្រកប​ដោយ​កំហឹង,​ ដោយភាព​លោភលន់, ​និងដោយភាព​ភាន់ច្រឡំ​វង្វេងវង្វាន់​ជាច្រើន​ដែលនាំ​ឱ្យសង្គម​ខ្មែ​រទាំងមូលហ៊ុំព័ទ្ធ​ទៅដោយ​ការលេង​ល្បែងអវិជ្ជា​ ឬហ៊ុំព័ទ្ធ​ទៅដោយ​ចំហាយសត្វ​តិរច្ឆាន​នៅគ្រប់ទិសទី ​ដែលនាំឱ្យ​ខ្មែរ​ និងខ្មែរលែងស្គាល់គ្នា​ លែងយោគយល់គ្នា​ លែងជួយ​ទុក្ខធុរៈ​យកអាសារ​គ្នាទៅវិញ​ទៅមក ​។ រឹតតែ​អកុសល​ជាងនេះ​ទៅទៀតនោះ​ គឺឱ្យតែ​ឃើញខ្មែរ​គ្នាឯង​ម្ដងៗ​គឺដឹងតែ​នាំគ្នាច្នៃ​ប្រឌិត​បង្កើតរឿង​អាស្រូវផ្លូវ​ជម្លោះ​ទាំងសម្ដី ​និងសកម្មភាព​ផ្សេងៗ ។​ តើអកុសល​ភាពទាំងអស់​នេះ​ វាបណ្ដាល​មកពីមូលហេតុអ្វី​? ​


អសន្ដិភាព ​អសន្តិសុខ​ អសុខុមាលភាព ​អវិបុលភាព ​អសុវត្ថិភាព​ អភាតរភាព ​និង ​អសង្គហភាព​ចំពោះគ្នា​នឹងគ្នា​ក្នុងសង្គម​ជាតិខ្មែរ ​វាពុំមែន​ជាកំហុស​របស់នរណា​ម្នាក់ផ្ដាច់​មុខឡើយ​ ។ ​វាពុំមែន​ជាកំហុស​របស់​រដ្ឋាភិបាល​តែម្នាក់ឯង, ​វាពុំមែន​ជាកំហុស​របស់​ប្រជាជនតែម្ខាង​, ហើយវា​ក៏ពុំមែន​ជាកំហុស​ទាំងស្រុង​របស់អ្នក​ពីអតីតកាល ​ឬបច្ចុប្បន្នដែរ​ ។ គ្រប់គ្នា !​ គឺគ្រប់គ្នា​ជាអ្នក​កសាងកំហុស​ និងបន្ត​កំហុស​ដែល​កំពុង​កើតមាន​នៅក្នុង​សង្គមខ្មែរ​ទាំងអស់​នេះឡើងមក ​និងតទៅ​មុខទៀត​ ដោយស្ទើរ​តែឥត​ដឹងថាអ្វីៗ​ដែលខ្លួន​កំពុងធ្វើ​គឺជាកំហុស​ប្រវត្តិសាស្រ្តឡើយ​ ។ ហេតុអ្វី​បានជា​ថាយ៉ាងដូច្នេះ​? ​ព្រោះកំហុស​របស់មនុស្ស​នៅក្នុងសង្គម​ខ្មែរនៅតែ​មាន,​ សេចក្ដី​ទុក្ខវេទនា​របស់​មនុស្សខ្មែរ​នៅតែបន្ត​កើនឡើង​ជាលំដាប់​ដល់កម្រិត​អតិបរមា​, ចំហាយ​អវិជ្ជា​ត្រូវបាន​គ្របដណ្ដប់​ពេញសង្គម​ (ជាដើម) ​ហើយគ្មានបុគ្គល​ ឬក្រុម​មនុស្សណា​មួយអាច​បញ្ឈប់ ​ឬនាំគ្នា​បញ្ចប់​នូវ​ចរន្តអកុសល ​ឬល្បែង​អវិជ្ជានេះបាន ​។ ​មិនត្រឹម​តែប៉ុណ្ណេះ​ នៅព្រួតនាំគ្នា​បន្តហ៊ោរ​ច្រៀងយ៉ាង​សប្បាយថា៖​ លទ្ធផល​នៃដំណើរ​អកុសល​ទាំងអស់​នោះវាគឺជា​ភាពទាន់សម័យ​ ភាពជឿនលឿន​ ការអភិវឌ្ឍន៍​ ឬភាពឡូយ​ឆាយថែមទៀត​ ! នេះពិតចំ​ជាមហា​អកុសល​យ៉ាងពិតប្រាកដ​ ។​


ដើម្បី​បញ្ចប់​ចរន្ត​នៃល្បែង​អវិជ្ជា​នៅក្នុងសង្គម​ខ្មែរវា​គ្មានអ្វី​ពិបាកនោះទេ ​គឺរដ្ឋាភិបាល​គប្បី​ពង្រឹង​សមត្ថភាព​ លទ្ធភាព​ និងទំនួល​ខុសត្រូវ​របស់ខ្លួន​តាមរយៈ​ការធ្វើឱ្យ​មានប្រសិទ្ធភាព​ឱ្យបាន​ច្រើន​ជាងនិយាយច្រើន​ ឬធ្វើឱ្យ​បានសិនចាំ​និយាយ ​កុំឱ្យគេ​ដៀល​ថាយើង​និយាយ​បានត្រឹមតែមាត់ ​ឬសន្យាខ្យល់,​ ពលរដ្ឋក៏ដូចគ្នា​ មិនមែនថា៖​ កាលណា​យើងបោះឆ្នោត​ឱ្យគេឡើង​កាន់អំណាច​ដឹកនាំ​ជាតិហើយ​ គឺយើង​រួចខ្លួនអស់​ភារកិច្ចនោះទេ​ ភារកិច្ច ​និងទំនួលខុស​ត្រូវរបស់ពលរដ្ឋ​គឺមាន​ជាប់ជានិច្ច ​តាំងពីការ​ត្រួតពិនិត្យ​ពិច័យ ​វាយតម្លៃ ​និងផ្ដល់មតិ​ប្រកបដោយ​សុភវិនិច្ឆ័យ​ និងលើសពី​នេះទៅទៀត​ ពលរដ្ឋខ្លួនឯង​គប្បីចេះ​ចូលរួមចំណែក​ទាំងកម្លាំងកាយ​ កម្លាំងចិត្ត​ ថវិកា ​និងពេលវេលា​បន្ថែម​ដើម្បី​ជួយបំពេញ​បន្ថែម​នូវចន្លោះ​ខ្វះខាត​ណាមួយ​នៅក្នុង​សហគមន៍​ដែលខ្លួន​កំពុងរស់នៅ​ (ឧ. មិនមែនថាផ្លូវមុខផ្ទះរបស់ខ្លួនខូច គិតតែអង្គុយផឹកស្រាជជែកគ្នាលេងអត់ប្រយោជន៍ ហើយបែរជាគិតតែពីចាំរដ្ឋាភិបាលឱ្យមកជួយជួសជុលឱ្យតែរហូតនោះទេ ធ្វើយ៉ាងនេះ ជាតិខ្មែរទាំងមូលមុខតែនឹងរលាយមិនយូរ), អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរ ជំនួយពីខាងណាមួយវាគឺជារឿងមួយដោយឡែក ប៉ុន្តែសួរថាយើងមានគោលបំណងជាចម្បងអ្វីដើម្បីចូលរួមចំណែកកសាងសង្គមជាតិខ្មែររបស់យើងឱ្យរុងរឿងរីកចម្រើនឡើងវិញ ។ មិនមែនថាគិតតែពីបានលុយពីខាងនេះខាងនោះ ហើយសន្យានឹងគេថាយ៉ាងនេះយ៉ាងនោះ រួចមកអុជអាល កែច្នៃប្រឌិតតួរលេខរបាយកាណ៍នៃការសិក្សាស្រាវជ្រាវ ឬបង្កើតរូបភាពណាមួយឱ្យខ្មែរនឹងខ្មែរឈ្លោះបែកបាក់គ្នានោះទេ (ករណីនេះពុំមែនសម្ដៅចំពោះគ្រប់អង្គការ ឬបក្សនយោបាយទាំងអស់នោះទេ វាមានអង្គការ និងបក្សមួយចំនួនតូចដែលខិលខូច) ។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅឱ្យចុះសម្រុងគ្នាក្នុងសង្គមតែមួយ គឺជារឿងសំខាន់បំផុតដែលខ្មែរគ្រប់ៗរូបមិនត្រូវមើលរំលងឡើយ ។ សង្គមខ្មែរអាចរុងរឿងឡើងវិញទៅបាន គឺត្រូវតែបញ្ឈប់ការសាបព្រោះនូវការល្បែងអវិជ្ជាតកូនតចៅ ៕





Loading...

ឈូកស
Cool FM 100.7

Related News

Comment..