លោក ទេពកេន វណ្ណកន រើសយក សុចរិតភាពជាផ្លូវសម្រាប់មុខជំនួញរយៈពេលវែង

Comment (s) / 27-Dec-2016ធុរៈកិច្ច



ជានិស្សិតទទួល​បាន​អាហារូបករណ៍ និងធ្លាប់​បន្តទៅ​សិក្សា​​នៅឯ​ប្រទេសឥណ្ឌូនេស៊ី​ផ្នែក​ព័ត៌មានវិទ្យា លោក ទេពកេន វណ្ណកន បច្ចុប្បន្ន​ជាស្ថាបនិក និង​ជាCEO របស់ក្រុមហ៊ុន Camwp Dev បាន​ជ្រើសយ​ក​មធ្យោបាយ​​មួយ​ដែល​មនុស្ស​មួយ​ចំនួនបាន​បោះបង់​វាចោ​ល​​សម្រាប់​ធ្វើជា​ដើមទុន​ក្នុង​មុខជំនួញ​ផ្ទាល់ខ្លួន​​របស់លោក​នោះ​គឺ សុចរិតភាព។​


ទំរាំ​បោះ​ជំហាន ក្លាយ​​ជាប្រធាន​ក្រុមហ៊ុន និង​ជាស្ថាប​និក Camwp Dev លោក ទេពកេន វណ្ណកន បាន​​ហែលឆ្ល​ង​ឧបសគ្គ​ជា​ច្រើន​ក្នុង​វ័យ​សិក្សា។ គ្រា​ចប់​បាក់​ឌុបភ្លាម​ ​លោកបាន​​ចំណាក​ស្រុក​ពី​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ឃ្លាត​ឆ្ងាយ​ពីក្រុមគ្រួសារ​មកបន្ត​រៀន​ថ្នាក់​មហាវិទ្យាល័យ​នៅ​​ឯ​រាជធានីភ្នំ​ពេញ។ ប៉ុន្តែ​​ដោយសារ​ការខ្វះខាត​​ថវិការ​សម្រាប់​​បង់​ថ្លៃសិក្សា​​នៅថ្នាក់​បរិញ្ញាបត្រ នៅឆ្នាំ​២០០៧ លោក​បាន​សម្រេច​ចិត្តស្វះស្វែង​​ដើរដាក់​​ពាក្យប្រឡង​​អាហាររូប​ករណ៍​ជា​ច្រើនតាម​គ្រឹះស្ថានសិក្សា​នានា ក្នុងរាជធានីភ្នំ​ពេញ រហូតបាន​ជាប់នៅ​សាកលវិទ្យាល័យ​កម្ពុជា និង​​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​​សហគ្រិន​កម្ពុជា-ឥណ្ឌា(CIEDI) លើមុខ​វិជ្ជា​ព័ត៌មាន​វិទ្យា(IT)។ វាពិត​ជាមាន​ផល​លំបាក​ខ្លះដែរ ចំពោះ​ការ​ចំណាយ​ពេលវេលា​​សម្រាប់​ថ្នាក់សិក្សា​​នៅកន្លែង​ពីរផ្សេង​គ្នា បែង​​ចែក​វេនព្រឹកល្ងាច ដោយ​តម្រូវឲ្យ​លោកត្រូវ​ជិះកង់​ទៅមក​ក្នុង​រយៈប្រវែង​ដ៏ឆ្ងាយពី​ទីកន្លែង​ស្នាក់​នៅ និង​ពេលខ្លះ​ទៀត ត្រូវ​ធ្វើកិច្ចការ​​សាលាផ្ទួន​គ្នា ក្នុងពេ​លតែមួយ​ក៏មាន។ ប៉ុន្តែ​អ្វីដែល​ជំរុញ​ឲ្យលោក​មានការ​ខិតខំប្រឹង​តស៊ូរ​សិក្សា​រហូត បា​នបញ្ចប់ថ្នាក់​បរិញ្ញាបត្រ​នេះ គឺរាល់​ក្នុងគ្រា​ក្រ​លំបាក លោក​តែងតែ​នឹក​ស្រម៉ៃ​ដល់​ទឹកចិត្ត​ឪពុកម្តាយ​អ្នក​មាន​គុណទាំង​ពីរទន្ទឹង​រ​ង់ចាំកូន នៅ​ឯស្រុក ដែល​គាត់​មានក្តី​រំពឹងសង្ឃឹម​​លើកូនប្រុស​ដែលឃ្លាត​​ចាក​កាយ​ឆ្ងាយ​ពីផ្ទះ។


នៅក្នុងឆ្នាំ​ទី៣ ២០១០ លោក​ទេពកេន វណ្ណកន បាន​ចាកចេញ​ពីប្រទេស​កម្ពុជា ទៅ​បន្តសិក្សា​​នៅសាលក​វិទ្យាល័យSTIMKIKMI Cirebonn ក្នុងខេត្តCirebonn នៃប្រទេស​ឥណ្ឌូនេស៊ី សិក្សា​​លើផ្នែក Network CCNA1 រហូត​ដល់CCNA3 ដែល​​ជាមុខ​ជំនាញ​លើប្រព័ន្ធNetwork ដ៏សំខាន់​​របស់​សហរដ្ឋអាមេរិក ទើប​លោកវិល​មក​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​នៅកម្ពុជា​វិញ​ដោយត្រូវ​​ចំណាយ​ពេល៥ឆ្នាំ។ ក្រោយ​ពីបាន​​បញ្ចប់ថ្នាក់​បិរញ្ញាបត្រ​នៅឆ្នាំ២០១២​ភ្លាម លោក ទេពកេន វណ្ណកន បាន​ឈាន​​ជើង​ចូល​បម្រើការងារ​​នៅតាម​ស្ថាប័នឯកជន​នានា​​ក្នុងវិស័យ​ព័ត៌មាន​វិទ្យាដដែល ដើម្បី​រកប្រាក់កំរៃ​ចិញ្ចឹមជីវភាព​ផ្ទាល់ខ្លួន​ផង និងស្រង់​យកបទពិសោធន៍​ការងារ​​ជាមួយ​ជនជាតិ​បរទេស​ផង ដោយប្រើពេល​​៤ឆ្នាំ។ 


នៅ​​ពាក់កណ្តាល​ឆ្នាំ២០១៦ លោក ទេពកេន វណ្ណកន និង​មិត្តភ័ក្ត​ចំនួន​៣នាក់ដែល​សុទ្ធតែ​អ្នក​ធ្លាប់ធ្វើ​ការងា​រ​ឲ្យគេ បានផ្គួបគំនិតគ្នា បង្កើត​បាន​ជាក្រុមហ៊ុន Camwp Dev នេះ​ឡើង ដើម្បី​ផលិត​គុណភាព​ផ្នែកព័ត៌មាន​​វិទ្យានៅ​កម្ពុជា​ឲ្យមាន​ភាព​រីក​ចម្រើន និង​ចូលរួម​ផ្តល់ការងារ​ឲ្យយុវជន​មួយចំនួន​មានការងារ​ធ្វើផង លោក ទេពកេន វណ្ណកន ជា​ស្ថាបនិកម្នាក់​ក្នុង​ចំណោម៤​នាក់ របស់​ក្រុមហ៊ុន Camwp Dev បាន​រៀបរាប់​​ពីផល​លំបាក​នៃការ​បង្កើត​ក្រុមហ៊ុន​នេះខ្លះ​ដែរ តែ​លោកថា វាមិន​មាន​ជាបញ្ហាអ្វី​ធំដុំ​នោះ​ទេ ព្រោះ​លោក​យល់​ថា​ចំណុចចាប់​ផ្តើមវាតែង​តែជួប​បញ្ហាវាជា​រឿងធម្មតា​ក្នុងដំណើរការណ៍​ប្រកប​អាជីវកម្ម​ដំបូង ហើយ​លោកបាន​​ចាត់ទុក​ការលំបាក​ទាំងនោះ ទៅ​ជាការកំសាន្ត​សប្បាយ​​ទៅវិញ។  


ក្រុម​ហ៊ុន Camwp Dev មក​ទល់ពេល​នេះ​គឺ​មាន​អាយុទើប​តែ​ជាង៥​ខែប៉ុណ្ណោះ បើ​ទោះបី​ជាវាថ្មី​ហើយក្រោយ​គេពិត​មែន ប៉ុន្តែវា​កំពុងតែ​ដើរ​ទៅ​មុខយ៉ាង​រលូន ដោយ​លោកទទួល​បានការ​គាំទ្រពី​អតិថិជន​ជាច្រើន។ លោកទេពកេន វណ្ណកន បាន​​លើកឡើង​ពីគំនិតរួមគ្នា​​របស់ម្ចាស់​ភាគហ៊ុន​ទាំងអស់ ក្នុង​ការរើស​​យកគំនិត​រួមមួយ ដើម្បី​ដាក់​ជា​បាតគ្រឹះ​នៃសំណង់​​ដ៏រឹ​ង​មាំរបស់​ក្រុមហ៊ុន Camwp Dev ក្នុង​ការឈរ​ជើងឲ្យ​បានយូរអង្វែង​នោះ​គឺ "គោលការណ៍សុចរិតភាព"។ 


លោក ទេពកេន វណ្ណកន៖ “យើងនៅតែទុក​ចិត្តលើផ្លូវសុចរិតភាពហ្នឹង ពីព្រោះយើង​នៅតែយល់ថា វាជា​បាតគ្រឹះនៃ​មុខ​ជំនួញរយៈពេល​វែងឆ្ងាយ”។ លោកបាន​ធ្វើការពន្យល់បន្ថែមលើការយល់​ឃើញរបស់​លោកថា បើទោះ​បីជា​នៅ​កម្ពុជាសព្វថ្ងៃ​មានមនុស្ស និង​ក្រុមហ៊ុន​មួយចំនួន​កំពុងតែបោក​ប្រាស់អតិថិជន តាម​រយៈការ​សន្យា ឬរំលោភ​លើសេចក្តីទុក​ចិត្តជា​ច្រើនមក​ក៏ដោយ​នោះ លោក​នៅតែ ជឿទុកចិត្ត​​លើភាព​ស្មោះត្រង់ អំពើល្អ​ជានិច្ច ព្រោះ​តែ client អតិថិជន​​ទាំងអស់ មិន​ដែលចង់​បានអ្នក​កុហក់​បោក​ប្រាស់​មក​ធ្វើជាដៃ​គូរលើ​មុខជំនួញ​​របស់ខ្លួន​នោះទេ ក៏ប៉ុន្តែ​មកពីពួក​គេទាំង​​នោះ មិន​ទាន់បាន​ជួបក្រុមហ៊ុន​ដែលមាន​ភាពស្មោះត្រង់​ពិតប្រាកដ​នៅឡើយប៉ុណ្ណោះ។​ លោក​បាន​បញ្ជាក់​បន្ថែម​​ទៀតថា "លោក​នៅតែ​មានក្តី​សង្ឃឹម​ទៅលើ អំពើល្អ​នឹងមិន​សាបសូន្យ"។ មិន​តែប៉ុណ្ណោះ​លោកបាន​​អះអាង​អំពី​ភាព​សុចរិត​របស់ក្រុមហ៊ុន​លោកថា "បើទោះជា​មានគេឲ្យ បង្កើត​នូវគេហទំព័រ​ដែល​​បម្រើឲ្យអំ​ពើខុសច្បាប់ ឬអសីលធម៌ ក្នុង​តម្លៃខ្ពស់​ប៉ុណ្ណាក៏​ដោយ ក៏ក្រុម​លោក​មិនទទួល​ធ្វើដែរ។​"


សូមបញ្ជាក់​លោក ទេពកេន វណ្ណកន បច្ចុប្បន្ន​មានវ័យ២៧ឆ្នាំ ហើយ​បាន​ក្លាយជា​CEOនៃក្រុមហ៊ុន Camwp Dev ទាំង​វ័យក្មេង ដែល​ប​ម្រើអតិថិជន​​ក្នុងវិស័យព័ត៌មាន​វិទ្យា បង្កើត​Website គឺបាន​​ដំណើរការណ៍​អស់រយៈពេល​៥ខែកន្លង​​មកហើយ។ ជាពិសេស​​នៅចុង​ឆ្នាំ២០១៦នេះ លោក ក៏ត្រៀម​ខ្លួនរួច​ជាស្រេច ក្នុងកា​រ​ចូល​ទៅ​បម្រើកិច្ចការ​ងារក្នុង​ស្ថាប័ន​រដ្ឋ​ផងដែរ នៅ​នាយកដ្ឋាន​ជំនាញ​មួ​យក្នុងទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា។ ក្រុមហ៊ុន​របស់លោក​ក៏មានការ​ប្តេជ្ញាចិត្តរួមគ្នា​ផងដែលថា នឹងធ្វើឲ្យ​ក្រុមហ៊ុនមួយ​នេះ ក្លាយទៅ​ជាទីភ្នាក់ងារ​ល្អជាងគេនៅ​ក្នុងប្រទេស​កម្ពុជា​ The best Wordpress Agency in Cambodia៕




By: Nichhai
Radio CoolFm 100.7

Related News

Comment..