ឈូកស​៖​ តើ ​“នយោបាយ”​ និង​ “ភយោបាយ” ​ខុសគ្នាដូចម៉្ដេច​ ?​

Comment (s) / 30-Dec-2016បទវិភាគ


"​ភយោបាយ​"​ ! ​អស់រយៈ​ពេល​ជាច្រើន​សតវត្សរ៍​មកហើយ​, មនុស្ស​នៅក្នុង​សង្គម​លោកនេះ​ តែងតែឮ​ ដឹង​ រៀន​ និងយល់​​អំពី​ពាក្យ​ថានយោបាយ ​។ ​ស្ទើរតែ​គ្រប់គ្នា​សុទ្ធតែ​បានដឹង​អំពី​ពាក្យថា៖​ នយោបាយ​ ប៉ុន្តែ​មិនមាន​មនុស្ស​ច្រើន​ឡើយ​ដែល​យល់ច្បាស់​អំពី​ពាក្យថា​នយោបាយ​ ។ ​នៅក្នុង​ន័យនេះ​ ពាក្យ៖​នយោបាយ​ ត្រូវ​បាន​មនុស្ស​លោកបក​ប្រែ​ខ្លឹម​សារ​ទៅជា​ច្រើន​និយម​ន័យ​តាមតែ​ចិត្ត​នឹក​ឃើញ​របស់ខ្លួន​ ។​ អ្នកខ្លះ​និយាយថា​៖​ នយោបាយ ​គឺជាល្បិច​កិចកល, ​អ្នកខ្លះ​ថានយោបាយ​គឺជា​វិធីសាស្រ្ត​ដើម្បី​តែយក​ឈ្នះ,​ ហើយ​មាន​អ្នកខ្លះ​ទៀត​ថានយោបាយ​គឺជា​ការឆ្លៀត​ឱកាស​ដើម្បី​ប្រមូល​ផល​ប្រយោជន៍​ហោប៉ៅ​ខ្លួនឯង​ជាដើម​ ដែល​តាមការ​អង្កេត​ឃើញ​របស់ខ្ញុំ​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ​ និយម​ន័យ​នៃពាក្យ​នយោបាយ​ដូច​បានលើក​មក​ជូនខាង​លើនេះ​ ភាគ​ច្រើន​គឺលេច​ធ្លាយ​ចេញ​មកពី​ទ្រឹស្ដី​របស់លោក​ខាងលិច​ច្រើនជាង​ ។​ សម្រាប់​លោក​ខាងកើត​, (​សម្រាប់ខ្មែរ​) ​ពាក្យ​នយោបាយ​នេះ ​ប្រែ​ផ្ទុយ​ពីពួក​លោក​ខាងលិច​ ដែល​មានន័យថា​៖​ គឺជា​ ឧបាយ​សម្រាប់​ដឹកនាំ​ និងរៀបចំ​សង្គម​ឱ្យឆ្ពោះ​ទៅរក​សេចក្ដី​រុងរឿង​ចម្រុង​ចម្រើន​ (​មិនមែន​ពោរពេញ​ទៅដោយ​សេចក្ដី​ទុ​ក្ខ ​សេចក្ដី​វិនាស​ ភាពភ័យ​ខ្លាច​គ្រប់​វិនាទី​នោះ​ឡើយ)​ ។ ​ជាច្រើន​សតវត្សរ៍​មកហើយ​ ដែល​បុគ្គល​ដែលមាន​ឱកាស​បាន​ឡើង​កាន់​កិច្ច​ការងារ​ជាតិ​ធំៗ ​តែង​មាន​ការយល់​ច្រឡំ​អំពី​អត្ថន័យ​នៃពាក្យ​នយោបាយនេះ​ ដូច្នេះ​ហើយ​ទើប​បាន​ជាធ្វើ​ឱ្យដំណើរ​នៃការ​ធ្វើនយោបាយ​ដើម្បី​ប្រយោជន៍​សង្គម​ ដើម្បី​ប្រយោជន៍​ប្រជាជន​របស់​ពួកគេ​ពោរពេញ​ទៅដោយ​ចំណង​ពៀរវេរា​ ភាព​ស្អប់ខ្ពើម​ គំនុំ​សងសឹក ​ភាពហែក​ហួងគ្នា​ កាប់ចាក់​សម្លាប់​បាញ់បោះ​ដាក់គ្នា​ទៅវិញ​ទៅមក​ដូចជា​សត្វធាតុ​ និងបង្កើត​តែកេរ្តិ៍ឈ្មោះ​កខ្វក់​ស្អុយ​គគ្រុក​​ត​កូន​តចៅ​តជាតិ​ មិន​ចេះចប់​មិន​ចេះហើយ ។​ លើសពី​នេះទៅ​ទៀត​ ការធ្វើ​នយោបាយ​ដោយខ្វះ​គតិ​បណ្ឌិត​របស់​បុគ្គល​អស់​ទាំងនោះ​ បានធ្វើ​ឱ្យ​សង្គម​ជួប​ប្រឈម​តែនឹង​ភាព​ចលាចល​, ភាពក្រីក្រ,​ វិនាស​កម្ម​គ្រប់ជំពូក​, ហើយ​សេចក្ដី​ទុក្ខវេទនា​ និងភាព​ភ័យខ្លាច​របស់​ប្រជាជន​ក៏មាន​កម្រិត​កើន​ឡើង​ជាអតិបរមា​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​ ។ ​សំណួរសួរថា តើនេះ​គឺជា​ការធ្វើ​នយោបាយ​របស់​ពួកគេ​ ដែល​អ្នកបញ្ញវន្ត​ចេះដឹង មាន​សញ្ញា​បត្របិទ​ពេញៗ​ផ្ទះជា​ច្រើន​ក្នុង​សម័យ​នេះ​និយម​ហៅពេញ​ៗ​មាត់ថា​៖​ ជាអ្នក​នយោបាយ​ៗ​ៗ​ៗ​ៗ​ ឬ​យ៉ាងណា​ ? ​បើយោង​ទៅតាម​ការកំណត់​ខឹ្លម​សារពាក្យ​នយោបាយ​ដោយ​លោក​វោហារ​សព្ទខ្មែរ​ ដែល​យោង​ទៅតាម​ក្រឹត្យ​ក្រម​ធម្មជាតិ​, អ្វីដែល​បុគ្គល​អស់ទាំង​នោះបាន​ និង​កំពុង​ធ្វើនា​ពេលបច្ចុប្បន្ននេះ​ គឺមិនមែន​ជាការ​ធ្វើនយោបាយ​នោះទេ​ ប៉ុន្តែ​ជាអកុសល​ គឺពួក​គេបាន ​និងកំពុង​ធ្វើ ​“ភយោបាយ​” ​ទៅវិញទេ​ ។ ​ហេតុអ្វី​ក៏ថា​យ៉ាងដូច្នេះ​? ​អ្វីទៅ​ជាភយោ​បាយ?​​​​


សូម​ពិចារណា​តាម​ការ​គួរ​ដូចត​ទៅ៖​

១​. នយោបាយ​ (​ន)​ គឺជា​ឧបាយ​សម្រាប់​ដឹកនាំ​ រៀប​ចំសង្គម​ឱ្យប្រកប​ដោយ​សេចក្ដី​រុងរឿង​រីកចម្រើន​ ។​

២​. ភយោ​បាយ​ (ន) ​ឧ​បាយ​ដឹកនាំ​ រុញ​ច្រាន​សង្គម ​និងប្រជាជន​ឱ្យធ្លាក់​ផុង​ទៅក្នុង​សេចក្ដី​រងទុក្ខវេទនា​ និង​ភាព​ភ័យខ្លាច។​ 


សូម​បញ្ញវន្ត​អ្នកប្រាជ្ញ ​ពិចារណា​តាមតថភាព​របស់សង្គមលោក​បច្ចុប្បន្ន​នេះ​ តើពួក​គេ​កំពុង​ធ្វើ​នយោបាយ​ ឬ​កំពុង​ធ្វើ​ភយោ​បាយ​? ​

ដូច្នេះ​មាន​តែបុគ្គល​ប្រកប​ដោយ​គតិបណ្ឌិត​ទេ ​ដែល​អាច​កំណត់​និយម​ន័យ​ពិត​ប្រាកដ​ត្រឹមត្រូវ​តាម​បច្ច័យ​នៃ​ទង្វើ​សម្រាប់​សម្គាល់​ជំពូក​មនុស្ស​ទាំងពី​ប្រភេទនេះ ​។​

បើ​គេដឹក​នាំ​សង្គម​ឱ្យ​ប្រកប​ដោយ​សេចក្ដី​ចម្រើន​ និង​ពោ​រពេញ​ដោយ​សន្តិភាព​ពិតប្រាកដ ​ប្រជាជន​ដេកដើរ​ឈរ​អង្គុយ​ប្រកប​ដោយសេចក្ដី​សុខសន្តិភាព​ សុវត្ថិភាព​ សុខុមាលភាព​ និងវិបុល​ភាពពេញ​លេញ​​គ្រប់គ្រាន់ ​មិន​ប្រកប​ដោយភាព​តក់ស្លុត​ភ័យខ្លាច​ នោះគេ​ប្រាកដ​ពិតជា​អ្នក​នយោបាយ​សមតាម​ន័យ​ជាក់​ស្ដែង​មិនខុស​ឡើយ​ ប៉ុន្តែ​បើជា​អកុសល​ក្រៃពេក​ ដែល​ពួកគេ​ពុំយល់​សោះថា​អ្វីទៅ​ជានយោបាយទេ​ ដែល​ចេះ​តែលង់​ជឿ​ទៅលើ​ប្រព័ន្ធ​មនោគមន័​វិជ្ជា​បោក​ប្រាស​របស់​បរទេស​ និងអន្តរជាតិ ​ហើយដឹកនាំ ​រុញច្រាន​សង្គម-​ប្រជាជន​ឱ្យជួប​តែសេចក្ដី​ទុក្ខលំបាក​វេទនា​ ភាពភ័យ​តក់ស្លុត​គ្រប់វិនាទី​ នោះគេសក្តិ​សម​នឹង​ទទួល​ពាក្យថាជា៖​ អ្នកភយោបាយ ​ជាជាង​ពាក្យ​អ្នកនយោបាយ​ ទើប​ត្រឹមត្រូវ​ទៅតាម​ទង្វើ​ដែលពួក​គេបាន​ និងកំពុង​ប្រព្រឹត្ត ​។ ​

សូម​មនុស្សខ្មែរ​ប្រើភាសា​ខ្មែរ​ប្រកប​ដោយ​បញ្ញា​ផងចុះ​៕​



#ឈូកស -យ៉ុងហេង
Cool FM 100.7

Related News

Comment..