វិធីគិត​របស់​បុគ្គល​ជោគជ័យ​ដែល​ប្រហែល​ជាអាច​ខុសពី​ការគិត​របស់​យើង​

Comment (s) / 09-Jan-2017មនុស្សនិងសង្គម


រស់ជា​មនុស្ស​សាមញ្ញៗ​ វាងាយ​ស្រួលណាស់ ​ប៉ុន្តែ​រស់ជា​មនុស្ស​មាន​ភាពជោគជ័យ​ត្រចះ​ត្រចង់​ក្នុងជីវិត​ ដោយ​សម្រេច​បំណង​ប្រាថ្នា​ដ៏ធំ​មួយ​ក្នុងជីវិត​របស់ខ្លួន​ ដើម្បី​យកលទ្ធផល​ដែល​ខ្លួនទទួល​បាន​នោះ​ទៅ​បម្រើ​ជាប្រយោជន៍ដល់​សង្គមជាតិ​វិញនោះ ​គឺពុំមែន​មនុស្ស​គ្រប់ៗ​គ្នាសុទ្ធ​តែ​អាច​ធ្វើបាន​ឡើយ ប៉ុន្តែ​ក៏មិនមែន​ថាវាគ្មាន​ផ្លូវសម្រាប់​អនុវត្ត​ដើម្បី​ទម្លុះ​ឧបសគ្គ​តាម​ច្រកផ្លូវ​កាត់​ដើម្បី​ដើរ​នៅលើ​មាគ៌ា​ឈ្លាសវៃ​ឱ្យទាន់​ដំណើរ​របស់​បុគ្គល​ជោគជ័យ​អស់ទាំង​នោះដែរ​, ដូច​សុភាសិត​មួយឃ្លា​គេពោល​ថា៖ ​“ធម្មជាតិ​បានផ្ដល់​ផ្លែ​ក្រូចឆ្មា​មួយផ្លែ​ដល់អ្នក​ បើអ្នក​បោះវា​ចោល​ព្រោះតែ​មើល​មិន​ឃើញ​ពីអត្ថ​ប្រយោជន៍រ​បស់វា ​អ្នកគឺ​ជាមនុស្ស​ល្ងង់​ហើយ​ ប៉ុន្តែ​បើអ្នក​យកក្រូចឆ្មា​មួយផ្លែ​នោះទៅ​ធ្វើជា​ទឹក​ក្រូចឆ្មា​ ឬធ្វើ​អ្វី​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​ នោះអ្នក​គឺជា​មនុស្សឆ្លាត​ ហើយ​ភាព​ជោគជ័យ​នឹង​ទន្ទឹង​រង់ចាំ​អ្នកនៅ​ប៉ុន្មាន​ជំហាន​ទៀត​នៅទីខាង​មុខនោះ​ឯង”​ ។ ​ដូច្នេះ​ខាងក្រោម​នេះ​ គឺជា​វិធីគិត​សំខាន់ៗ​ទាំង៤​យ៉ាង​របស់បុគ្គល​ជោគជ័យ ​ដែលអាច​នឹង​ប្រហែល​ជាខុស​ពីក្បួន​គិត​របស់អ្នក​ ប៉ុន្តែ​អ្នកក៏​អាច​អនុវត្ត​តាម​វិធី​ទាំង​នេះ​បានដែរ​ ប្រសិន​បើអ្នក​ចង់ក្លាយ​ជាបុគ្គល​ជោគជ័យ​សម្រាប់​ឆ្នាំ​២០១៧នេះ​ ៖​


១.​ ជ្រើស​រើស​ផ្លូវត្រូវ​

មាន​តែ​ម​នុស្ស​ល្ងង់ទេ​ ដែល​តែងតែ​ផ្ដេក​ផ្ដួល​ជីវិត​ក្នុង​ផ្លូវ​ខុស​ជា​ដដែលៗ​ ហើយ​តាំង​ប្រកូក​ប្រកាស​ទាំង​ឥតហេតុ​ផលត្រឹមត្រូវ​ថាផ្លូវ​ដែលពួក​គេ​កំពុង​ដើរនោះ​គឺជាវិថី​ល្អប្រសើរ​ ។ ​សម្រាប់​បុគ្គល​ជោគជ័យ ​ពាក្យគិត-​ជ្រើសរើស​ផ្លូវត្រូវនេះ​ គឺពួក​គេ​ដឹងខ្លួន​គេច្បាស់ថា​៖ ​ពួកគេ​ត្រូវការ​អ្វីជា​ចម្បង​ដើម្បី​សម្រេច​បំណង​ដ៏ធំ​ក្នុង​ជីវិត​តទៅ​អនាគត​កាល​របស់ពួកគេ​ ហើយ​ពួកគេ​ប្រយ័ត្ន​ប្រយែង​ជានិច្ច​នឹង​រនាំង​ឧបសគ្គ​ទាំងឡាយ​ ។​


២. ​សម្លាប់​មិច្ឆា​ទិ​ដ្ឋិ៖​

នេះគឺជា​រនាំង​ដ៏ធំ​បំផុត​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ ​គ្មាន​នរណា​ម្នាក់​អាចរួច​ខ្លួន​ពីរ​នាំង​យក្ស​នៃមិច្ឆា​ទិដ្ឋិមួយ​នេះបានឡើយ​ សូម្បី​តែព្រះអរិយ​បុគ្គល ​ប៉ុន្តែ​សម្រាប់​បុគ្គល​ដែល​ពោរពេញ​ពាស​ទៅដោយ​ថាមពល​ផ្លូវចិត្ត​ និងគំនិត​ប្រាជ្ញាខ្ពស់​ នោះគេ​មុខ​ជា​អាចបំបាក់​រនាំង​អកុសល​នេះបាន​ដោយងាយ​ក្នុងរយៈ​ពេល​មួយទៅ​តាមលទ្ធ​ភាព ​និង​សមត្ថភាព​របស់ពួកគេ ​។​ បុគ្គល​ជោគជ័យ​គេមិន​ចូលចិត្ត​គិតអ្វី​ដែល​អវិជ្ជមាន ​និងពោរពេញ​ទៅដោយ​ធាតុតិរច្ឆាន​ឡើយ ​។​


៣​. ដាក់​គុកការ​ទិតៀន​ក្នុងផ្លូវចិត្ត​៖​

ការពុះ​បំបែក​រនាំង​យក្សទី៣​ នៅក្នុង​ជីវិត​របស់បុគ្គល​ជោគជ័យ​គឺត្រូវ​បានធ្វើ​ឡើង​ជាប្រចាំ​រហូត​ក្លាយ​ទៅជា​ទម្លាប់​ស្របទៅ​តាមធម្មជាតិ​បែប​ថ្មី​មួយ​របស់គេ​ ។​ សម្រាប់​បុគ្គល​បរាជ័យ​ បើកាល​ណាគេ​ធ្វើខុស​ ឬបរាជ័យ​នឹងកិច្ចការ​អ្វីមួយ ​គេតែងតែ​​តិះដៀល​ខ្លួនឯង​ ជេរស្ដី​អាក្រក់ៗ​ឱ្យខ្លួនឯង​ ប្រមាថ​មើលងាយ​ខ្លួនឯង ​និងដាក់គុក​ងងឹត​ដល់ខ្លួន​ឯងក្នុង​ភាពបរាជ័យ​ដោយចាក់​មេសោរ​ទិតៀន​ក្នុងចិត្ត​ឥតឈប់ឈរ​ ។​ បុគ្គល​ជោគជ័យ​គេមិន​ធ្វើរឿង​ឆ្កួតៗ​បែបនេះទេ​ គេចាត់​ទុកភាព​បរាជ័យ​គឺជាមេរៀន​ដ៏ល្អណាស់​សម្រាប់​ដំណើរ​បន្ទាប់​ឆ្ពោះទៅ​រកការសម្រេច​សមិទ្ធិផល​ដែលបាន​គ្រោង​ក្នុងពេល​អនាគត​ ដោយមិន​ដាក់ធុរៈ​ ។​


៤.​ មិន​រំជើប​រំជួល​

ទោះ​មាន​ព្រឹត្តិការណ៍​អកុសល ​ឬកុសល​, សំណាងល្អ​ ឬមិនទាន់​មានសំណាង​ល្អ​មកដល់​យ៉ាងណាក្ដី​ ក៏គេ​មិនរំជើប​រំជួល​នឹងព្រឹត្តិ​កាណ៍​អស់ទាំង​នោះឡើយ​ ។ ​បើជាសំណាងល្អ​គេចាត់​ទុកថា​ជាប្រាក់​សន្សំ​ ហើយ​គេព្យាយាម​​បន្តការ​សន្សំ​តទៅ​ទៀត​​ និងឱ្យ​បានច្រើន​ឡើងៗ​ បើវាជា​សំណាង​មិនល្អ​ គេចាត់ទុក​លទ្ធផល​នោះគឺ​ជាមេរៀន​ ឬជាឈើ​ងាប់មួយ​កំណាត់​ដែល​អណ្ដែត​តាមទឹក​ស្របពេល​ដែលគេ​កំពុង​ហែលនៅ​កណ្ដាល​ស្ទឹងយ៉ាង​ដូច្នោះ ​ដូច្នេះ​គេត្រូវ​អាស្រ័យ​មេរៀន​មួយនេះ​ដើម្បី​ឆ្ពោះទៅ​កាន់ដំណាក់​កាលបន្តបន្ទាប់​ទៀត​រហូត​បានដល់​ត្រើយនៃ​ភាពជោគជ័យ ​៕​


សង្ឃឹមថា​ នេះគឺ​ជាមេរៀន​ដ៏សំខាន់​សម្រាប់​ប្រិយមិត្ត​ដើម្បី​ទុកជា​គន្លឹះ​សម្រាប់​ផ្លាស់ប្ដូរ​ផែនការ​ថ្មីក្នុង​ជីវិតថ្មី​នាឆ្នាំថ្មី​២០១៧​នេះ ​៕​



ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..