កំណក​ស្ទះចរាចរណ៍​ធ្វើឱ្យ​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក​-មន្រ្តីរា​ជការ​ចុះខ្សោយ​

Comment (s) / 16-Jan-2017បទវិភាគ


បញ្ហានៃ​ការកក​ស្ទះចរាចរណ៍​ជាប្រចាំ​វាពុំមែន​ជារឿង​សាមញ្ញ​ធម្មតា​ដែល​ត្រូវ​មើល​រំលង​នឹងភ្នែក​បានឡើយ​ ។​ ប្រសិន​បើមនុស្ស​ទាំង​ឡាយ​នៅក្នុង​សង្គម​មិនរួមគ្នា​ចូលរួម​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា​ និងប្រកប​ដោយ​ប្រសិទ្ធ​ភាពទេ​នោះ ​មុខជា​បញ្ហា​សង្គម​មួយនេះ​នឹងបង្កជា​វិបត្តិ​ធ្ងន់ធ្ងរ​ដល់​សតិបញ្ញា ​និងសុខភាព​ផ្លូវកាយ​ និង​ចិត្តរបស់​មនុស្ស ​(​ប្រជាជន​ និងមន្រ្តីរាជការ​)​ ដែល​ជាប្រភព​នៃថាមពល​ដ៏សំខាន់​ក្នុងជីវិត​របស់​មនុស្សម្នាក់​​ៗ​ ឱ្យកាន់​តែទ្រុឌទ្រោម​ចុះជាលំ​ដាប់មិនខាន​ ។


ស្ទើរតែ​ជារៀងរា​ល់ព្រឹក ​ចាប់ពី​ខ្ទង់ម៉ោង​ប្រមាណ៧​ព្រឹក​រហូត​ដល់​ម៉ោង​ប្រមាណ៩ព្រឹក​,​ ទាំងនៅ​ពេល​ថ្ងៃត្រង់,​ និង​ពេលល្ងាច,​ ជាប្រចាំ,​ ការកក​ស្ទះចរាចរណ៍​យ៉ាង​ណែន​ណាន់​តាន់​តាប់​រយៈ​ពេលជា​ច្រើន​ម៉ោង​នៅ​តាមដង​វិថី​មួយចំនួន​បាន​ក្លាយ​​ជាកាល​វិភាគ​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ទីក្រុង​ភ្នំពេញ​ទៅហើយ​ ។ ​មានអ្នក​ខ្លះដែល​គេមាន​ភាពរ​វាសរវៃ​ គឺគេ​តែង​ស្គាល់​ផ្លូវ​កាត់​តាម​ច្រក​តូចៗ​ដើម្បី​វាងកុំ​ឱ្យជាប់​ក្នុងហ្វូង​ម៉ូតូ​-ឡាន ​ប៉ុន្តែ​ក៏មាន​មនុស្ស​មួយចំនួន​ទៀតដែរ​ដែល​មិន​សូវ​ជាមាន​ភាពរវា​សរវៃ​ និងមិន​សូវជា​ស្គាល់​ច្រក​ល្ហក​តាម​ (ផ្លូវកាត់) ​ក៏តែង​រមែង​ត្រូវទ្រាំ​ទ្រជាប់​នៅក្នុង​កំណក​ចរាចរណ៍​អស់រយៈ​ពេល​ជាច្រើន​នាទី​ និងអាច​ចូល​ដល់ខ្ទង់​ម៉ោង​ផងក៏​មាន​ជាមួយ​នឹងគេ​ឯងទៅ​ ដែល​ការជាប់​ក្នុងកំណ​កស្ទះ​ចរាចណ៍​រាប់សិប​នាទីនេះ ​គឺជាមូលហេតុ​ដែលនាំ​ឱ្យបុគ្គល ​នាយោជិក​ និង​មន្រ្តី​រាជការ​គ្រប់ស្ថាប័ន​ត្រូវចំណាយ​ពេល​យ៉ាងយូរ​របស់​ខ្លួននៅ​លើដងវិថី ​ហើយការ​ចំណាយ​ពេលវេលា​ច្រើន​បែបនេះ​ហើយ​ដែលនាំ​ឱ្យអ្នក​ទាំងនោះ​ត្រូវចូល​ធ្វើការ​យឺតយ៉ាវ​ជាប្រចាំ ​។​


ជាមនុស្ស​ពេញវ័យ​ គេត្រូវ​ចំណាយ​ពេលសម្រាក​ឱ្យបាន​ច្រើន​ ព្រោះមនុស្ស​ពេញវ័យ​ត្រូវការ​ចំណាយ​ថាមពល​ច្រើន​ដើម្បី​ធ្វើសកម្មភាព​ច្រើនក្នុង​ជីវិតប្រចាំថ្ងៃ ​។ ​ដូច្នេះបើ​ពួកគេ​ដែលជា​បុគ្គលិក ​នាយោជិក ​ឬជាមន្រ្តី​រាជការ​ក្រោម​ឱវាទ​របស់អ្នក​ ទទួលការ​សម្រាក​មិនបាន​គ្រប់គ្រាន់​ពេញលេញ​ទេនោះ​ ពួកគេ​មុខជា​មានអាការៈ​ងងុយដេក​នៅ​កន្លែង​ធ្វើការ​ជាញឹកញយ ​ហើយនៅ​ពេល​ដែល​លោក​អ្នក​ឃើញពួក​គេ​មានអាការៈ​ងងុយគេង​ ចូរកុំព្យាយាម​បង្ហើប​មាត់រិះគន់​ ឬបន្ទោស​បុគ្គលិក​-មន្រ្តីក្រោម​ឱវាទ​របស់អ្នក​ចំៗ​ដោយខ្វះ​ការពិចារណា​ឡើយ​ គឺអ្នក​គួ​តែ​ចូលរួម​ជួយពួកគេ​, ​ដោះស្រាយ​បញ្ហា​ដែលនាំ​ឱ្យពួកគេ​មានភាពយឺត​យ៉ាវ។​ 


ជារៀង​រាល់ព្រឹក​ មានមនុស្ស​ជាច្រើន​គេតែងតែ​នឹកគិតថា ​ថ្ងៃនេះ​ពួកគេ​មានអារម្មណ៍ល្អ​ដើម្បី​ទៅបំពេញ​កិច្ចការងារ​នៅកន្លែង​ធ្វើការរ​បស់ពួកគេ​, អ្នកខ្លះ​សប្បាយចិត្ត​តាំង​ពីនៅ​ក្នុងផ្ទះ​ម៉្លេះថា​ខ្លួននឹ​ងព្យាយាម​សម្រេច​ផែនការ​ឬគម្រោង​ជាក់លាក់​ណាមួយ​ឱ្យប្រកប​ដោយប្រសិទ្ធភាព​ដើម្បី​សន្សំ​សមិទ្ធផល​ក្នុងទី​កន្លែង​ធ្វើការ​របស់ពួកគេ​, និង​អ្នកខ្លះ​ទៀត​បានប្រាថ្នា​ថាថ្ងៃនេះ​ខ្លួននឹង​ព្យាយាម​ធ្វើខ្លួនឯង​ឱ្យមាន​សិរីសួស្ដី​ ឱ្យមាន​ជោគមាន​ជ័យ​ដើម្បី​លាភសំណាង​ជាដើម ​ប៉ុន្តែ​ជាអកុសល​បន្ទាប់​ពីពួក​គេ​ចាកចេញ​ពីគេហដ្ឋាន​ឡើង​យន្ត​ជំនិះ​ឆ្ពោះ​ទៅកាន់​កន្លែងធ្វើការ ដែលធាតុពិត​បើពុំមាន​ការកក​ស្ទះចរាចរណ៍​យ៉ាងណែន​បែបនេះ​ទេនោះ​ ពួកគេ​អាចនឹង​ចំណាយ​ពេលត្រឹមតែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ​នៃពេល​វេលាដែល​ពួកគេ​បានចំណាយ​ទៅលើការ​ស្ទះចរាចរណ៍​ ដែលការ​ចំណាយ​ពេល​បន្ថែម​ដើម្បី​រោទិ៍ម៉ាស៊ីន​យានយន្ត​ចោល​រាប់សិប​នាទីរង់​ចាំរំកិល​យានយន្ត​ទៅមុខម្ដងៗ​មួយម៉ែត្រៗ​នៅលើ​ដងវិថី​ពីមួយ​ថ្ងៃទៅមួយថ្ងៃ,​ ជារៀងរាល់ថ្ងៃ​នេះហើយ​ងាយធ្វើឱ្យ​ពួកគេ​កសាងនូវ​អាការៈ​មួរម៉ៅ​ក្ដៅក្រហាយ ​និងកើត​ជាអារម្មណ៍​អវិជ្ជមាន​ទាំងព្រឹក ​ទាំងថ្ងៃ​ និងទាំងល្ងាច​សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់​ មុននឹង​ឈានជំហាន​ចូលទៅ​កាន់កន្លែង​ធ្វើការ​ ។​ អារម្មណ៍​ក្ដៅក្រហាយ​ដែលកើត​ចេញពីការ​ចំណាយ​ពេលច្រើន​នាទីក្នុង​កំណកហ្វូង​យានយន្ត​នៅលើដង​វិថីនេះហើយ​ ដែលជា​បុព្វហេតុ​នាំឱ្យ​បុគ្គលិក-​មន្រ្តី​របស់អ្នក​បំពេញ​ការងារ​មិនសូវ​បានល្អ ​និងធ្វើឱ្យ​លទ្ធផល​នៃការងារ​របស់ពួក​គេខ្វះ​ប្រសិទ្ធភាព​, ហើយបន្ទាប់​មកទៀត​អ្វីដែល​ងាយ​ធ្វើឱ្យ​ពួកគេ​ប្រឈម​នឹងហានិភ័យ​ក្នុងការ​បាត់បង់​ការងារនោះ ​គឺជាភាពញឹកញយ​នៃការបំពេញ​ភារកិច្ច​ដោយខ្វះ​ទំនួល​ខុសត្រូវ ​និងគ្មាន​ប្រសិទ្ធភាព​នេះឯង​។​


ដូច្នេះ​ការកក​ស្ទះចរាចរណ៍​នៅតាម​ដងផ្លូវ​វាពិតតែ​មិនមែន​ជាកត្តា​ដែល​មិន​អាចចៀស​ផុតបាន​ក៏ពិត ​ប៉ុន្តែ​យ៉ាង​ហោចណាស់ ​យើងទាំង​អស់គ្នា​ក៏ជាផ្នែក​មួយនៃ​ដំណោះស្រាយ ​និងក៏អាច​ចូលរួម​ដោះស្រាយ​វាបាន​តាមរយៈ៖​


១.​ រដ្ឋា​ភិបាល​៖​

-គួរលើក​ទឹកចិត្ត​ និងផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​អំពីអត្ថ​ប្រយោជន៍​នៃការ​ប្រើប្រាស់​យានយន្ត​សាធារណៈ​របស់រដ្ឋ​ដល់ប្រជាជន​

-កសាង​បន្ថែម​នូវខ្សែ​យានយន្ត​, រថភ្លើង​ជាដើម​ ទៅតាម​តម្រូវ​ការជាក់ស្ដែង​នៃកំណើន​ប្រជាជន​បច្ចុប្បន្ន ​និងថ្ងៃអនាគត​

-តម្លើង​ថ្លៃពន្ធ​ចំពោះ​ប្រភេទ​យានយន្ត​ណាមួយ ​ឬណាមួយទៀត​ ទៅតាម​ដំណាក់កាល​ ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថានផង​ និងការកើន​ឡើង​នៃ​កំណក​ស្ទះ​ចរាចរណ៍ផង ​

-លើកទឹកចិត្ត​ឱ្យមន្រ្តីរាជ​ការ​គ្រប់ស្ថាប័ន​ទាំងអស់​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​របស់រដ្ឋ​ (​សម្រាប់​មន្រ្តី​ដែល​មិនសូវ​ចុះបេសកកម្ម​ទៅមូលដ្ឋាន​ឆ្ងាយៗ ​​ឬមាន​ផ្ទះមិន​ជាឆ្ងាយ​ណាស់ណា​ប៉ុន្មាន​) ​។​


២.​ ពលរដ្ឋ​៖​

-គប្បី​ចូលរួម​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ជាប្រចាំ​ដែលផ្ដល់​ជូនដោយរដ្ឋ​ ដែលមាន​ថ្លៃសេវា​ទាបជាង​ការចំណាយ​ទៅលើយាន​យន្ត​ផ្ទាល់ខ្លួន​

- ដើរ​ ឬជិះកង់​ ឬគប្បី​ប្រើប្រាស់​រថយន្ត​ឱ្យមាន​ប្រសិទ្ធភាព​បំផុត​សមស្រប​ទៅតាម​បរិមាណ​ចំនួន​សមាជិក​ក្នុងគ្រួសារ​ (​ចៀសវាង​គម្រូ​អាក្រក់​ដែល​សមាជិក​ម្នាក់​ត្រូវមាន​ឡានមួយ​ៗ​ៗ​)​ បើយ៉ាង​ដូច្នេះ​មែនអ្នក​គឺជាចំណែក​នៃជនបង្ក​វិនាសកម្ម​ដល់សង្គម​របស់អ្នក​ហើយ​ ។​


ដ្បិត​ដំណោះ​ស្រាយ​ទាំងនេះ​វាពុំមែន​ងាយស្រួល​នឹងធ្វើ​ឱ្យសម្រច​បានក្នុងរយៈ​ពេលខ្លី​ក៏ពិតមែន ​ប៉ុន្តែ​បើទាំង​អ្នកទាំង​ខ្ញុំរួម​គ្នា​ចូលរួម​ធ្វើដោយ​មិនមើល​បំណាំគ្នានោះ ​យើងនឹង​អាចធ្វើបាន ​ហើយវាគឺ​ជាការចូលរួម​ចំណែក​កសាង​ធនធាន​មនុស្សក្នុង​សង្គមជាតិ​របស់យើង​ឱ្យកាន់​តែមាន​ប្រសិទ្ធភាព​ និងគុណភាព​បានមួយ​ចំណែក​ផងដែរ ​៕​



អត្ថបទវិភាគដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..