យុវជន ត្រូវមានក្បួនសំខាន់ៗទាំង៥យ៉ាងនេះ ទើបអាចលើកសង្គមខ្មែរឱ្យខ្លាំងជាងសឹង្ហបុរីបាន

Comment (s) / 26-Apr-2017បទវិភាគ


ពាក្យថា​៖ ​យុវជន ​គឺសម្ដៅ​ដល់ក្រុម​មនុស្ស​ដែលកំពុង​ស្ថិតក្នុង​បឋមវ័យ​ ដែលកំពុង​ត្រូវការ​ជាចាំបាច់​នូវការលូតលាស់​ទាំងរូបរាងកាយ​ កម្លាំងស្មារតី ​ចិត្ត ​និងគំនិតប្រាជ្ញា ​។ ដូចពាក្យ​ចាស់លោក​ពោលថា៖​ យុវជន​ គឺជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ​, យុវជន​ គឺជាទំពាំងស្នងឫស្សី​, យុវជន ​គឺជាកម្លាំង​ចលករដ៏​មានសក្ដា​នុពល​ក្នុងការចូលរួម​ជួយ​រុញនាវា​សង្គមជាតិ​ឱ្យឆ្ពោះ​ទៅកាន់​គោលដៅ​រួមដែល​សង្គម​ជាតិប្រាថ្នា​ចង់បាន​ ​។ ដើម្បី​រុញនាវា​សង្គម​ជាតិខ្មែរ​ឱ្យអាច​ធ្វើដំណើរ​នៅលើផ្ទៃ​មហាសាគរ​នៃពិភពលោក​បានប្រកប​ដោយនិរន្ត​ភាព​ វិបុលភាព​ សន្តិភាព ​និងសុខ​សុវត្ថិភាព​ពេញលេញ​បាន​ សង្គមជាតិ​ខ្មែរ​ពិតជា​ត្រូវការ​ការចូលរួម​យ៉ាងសស្រាក់​សស្រាំ​ពីយុវជន​ខ្មែរទាំង​ឡាយនៅ​គ្រប់ទិសទី ​ហើយដើម្បី​សម្រេចឧត្តម​ប្រយោជន៍​ជូនសង្គម​ជាតិខ្មែរ​ដើម្បីមានលទ្ធភាព​ និងសមត្ថភាព​ឆ្ពោះទៅរក​ការផ្លាស់ប្ដូរ​ប្រវត្តិសាស្រ្តថ្មី​នៃភាពរុងរឿង​រីកចម្រើន​ទៅបាន​, យុវជន​ ត្រូវមាន​តួនាទី​សំខាន់​ៗ៥យ៉ាង​នេះជាមុនសិន​៖​


១.​ ចេះអប់រំ​ឃុំគ្រង​ចិត្ត​របស់ខ្លួន​៖​ ចិត្ត​ គឺសំខាន់​ជាង​របស់អ្វីៗ​ទាំងអស់​នៅក្នុង​សង្គម​ពិភពលោកនេះ ​។ ​ចិត្ត​ អាចដឹក​នាំមនុស្ស​ឱ្យផលិតអាវុធ​នុយក្លេអ៊ែរ​បាន​, ចិត្តអាច​ដឹកនាំ​មនុស្ស​ឱ្យបង្កើត​យាន្តអវកាសបាន​, ចិត្តអាច​ដឹកនាំ​មនុស្សឱ្យ​សាងសង់​អង្គរវត្តបាន​, ចិត្តអាច​ជម្រុញ​មនុស្សឱ្យ​ជាប់គុកបាន​, ចិត្ត​អាចដឹក​នាំមនុស្ស​ឱ្យលេចធ្លោ​ក្លាយជា​ទីគោរព​បូជានៃ​អ្នកផង​ទាំងឡាយបាន,​ ចិត្តអាច​នាំមនុស្ស​ឱ្យធ្លាក់​នរកអវិចីបាន, ​ហើយចិត្ត​ក៏អាច​ជួយមនុស្ស​ឱ្យឆ្ពោះទៅ​រកការត្រាស់ដឹង​ដើម្បីរំដោះ​ជីវិត​ចេញផុត​ពីអន្លង់​ទុក្ខបានដូចគ្នា​ ។ ​

ដើម្បី​អភិវឌ្ឍន៍​សង្គមជាតិ​ខ្មែរឱ្យរុង​រឿងមានកិត្តិ​សព្ទល្បាញល្បី ​និងទទួល​បាននូវការគោរព​កោតក្រែង​ពីអន្តរជាតិបាន​, យុវជន ​ត្រូវចេះរៀន​ថែរក្សាចិត្ត​របស់ខ្លួន​ឱ្យមានថាមពល,​ និងត្រូវចេះ​អប់រំចិត្ត​របស់ខ្លួនឱ្យ​ស្ថិតនៅក្នុង​គន្លងបរិសុទ្ធជានិច្ច,​ ពោល​គឺត្រូវចេះលាង​ជម្រះចិត្ត​របស់ខ្លួនឱ្យ​បរិសុទ្ធផូរផង់​ ដោយ​កុំឱ្យចិត្ត​ជាប់ជំពាក់​នឹងកំហឹង,​ ភាពលោភលន់,​ ភាពវង្វេង​ងងឹតងងុល​នឹងការសប្បាយ​ក្នុងវិធីដែលនាំទៅរក​សេចក្ដីវិនាស​ដូចយ៉ាង៖ ​ការប្រព្រឹត្ត​អំពើស្មោកគ្រោក​ដូចជា៖ ​ផឹកទឹកស្រវឹង,​ សេពគ្រឿងញៀន, ​វីវក់នឹងល្បែង, ​ងប់ងុលនឹង​សម្ភារនិយម​, និងងប់ងុល​នឹងតណ្ហា ​(ស្រី-ប្រុស) ​ជាដើម ។​ សង្គមមួយអាច​រុងរឿង​ទៅបាន​ គឺមិនមែន​ត្រឹមតែត្រូវ​ការបរិមាណ​នៃយុវជន​ប៉ុណ្ណោះទេ ​ប៉ុន្តែអ្វី​ដែលចាំបាច់​ជាអាទិភាព​នោះ ​គឺយុវជន​ដែលមានចិត្ត​ពោរពេញ​ដោយការអប់រំ​ក្នុងក្រមសីលធម៌, ​សុ​ជីវធម៌​, និងមនុស្សធម៌​ ។​


២. ​ចេះបញ្ចូល​ថាមពល​ចូលទៅ​ក្នុងខួ​រក្បាលរបស់​ខ្លួន៖​ ចិត្ត​ គឺជាសភាវៈ​ដែលធ្វើ​ចលនារហ័ស​ និងដើរ​មុនអ្វីៗទាំងអស់​ ។​ ចិត្តដើរមុនគំនិត ​បើយុវជន​មានចិត្ត​ដែលមានការ​អប់រំល្អ​ប្រសើរហើយ​ គឺយុវជន​ចេះយល់ដឹង​ អ្វីខុស​ អ្វីត្រូវ,​ អ្វីមាន​ប្រយោជន៍​សម្រាប់​សង្គមជារួម​ និងអ្វីទៅ​ដែលឥតបាន​ការសម្រាប់​សង្គម​ជារួម ​នោះយុវជន​ប្រាកដជា​មានភាពជា​ម្ចាស់ការលើ​ជីវិតរបស់ខ្លួន​ជាក់ជាមិនខាន​ ។ ​តើមានម្ចាស់​ការយ៉ាងដូចម៉្ដេច​?​ កាលណាយុវជន​មានការអប់រំ​ចិត្តបានល្អ​ប្រសើរហើយ​ នោះគេនឹង​ដឹ​ងថា​៖ អ្វីទៅ​ដែលមាន​ប្រយោជន៍ ​អ្វីទៅដែល​ឧត្ដុង្គឧត្ដម​ និងអ្វីទៅ​ដែលជាភាព​ចាំបាច់​សម្រាប់​ជាទុនចូលរួម​ជួយអភិវឌ្ឍន៍​សង្គម​ជាតិ​របស់ខ្លួន​ ។ ​

ដូច្នេះ​យុវជន​នឹងមានភាព​ក្លៀវក្លា​ក្នុងការតាម​ស្វែងរក​ប្រភព​ចំណេះដឹង​ប្រសើរៗ ​ប្រភេទ​នៃចំណេះ​វិជ្ជាដែល​មានប្រយោជន៍​សម្រាប់អភិវឌ្ឍន៍​ខ្លួនឯងផ្ទាល់​ និងសង្គម​ជាតិជារួម​ ដើម្បីយក​មកបញ្ចូល​ក្នុងខួរក្បាល​របស់ខ្លួន ​។ ជាលទ្ធផល​ នៅពេលណា​យុវជនមាន​ចំណេះវិជ្ជា​ខ្ពង់ខ្ពស់​ជ្រៅជ្រះហើយ ​នោះពួកគេ​នឹង​អាចបង្កើត​ទ្រឹស្ដីទៅតាម​កម្រិតបានដោយខ្លួនឯង​ដោយស្របទៅតាម​ច្បាប់កំពូល​ ឬរូបមន្តដើម ​។ នៅក្នុងសង្គម​ ដែលសម្បូណ៌​ធនធានមនុស្ស​ប្រកបដោយ​ទ្រឹស្ដីកំពូលៗ ​សង្គមនោះ​ក៏នឹងសម្បូណ៌​ដោយការបង្កើត​ថ្មីនូវឧបករណ៍​ និងវិជ្ជាថ្មីៗ​ដែលអាច​ឆ្លើយតបទៅនឹង​តម្រូវការចាំបាច់​សម្រាប់ការលើក​ជ្រោង​ឧត្តមភាព​នៃជីវិត​របស់​មនុស្ស​ទូទៅ​នៅក្នុង​សង្គម​ទាំងក្នុងពេល​បច្ចុប្បន្ន ​និងតទៅ​អនាគតបានផងដែរ ​។​


៣​. ចេះបង្កើតថ្មី៖ ​នៅក្នុង​ពិភពលោកនេះ​ គ្មានអ្វី​ដែលថ្មី​ទាំងស្រុងឡើយ​ ព្រោះសភាវៈ​ ឬសម្ភារៈ​​គ្រប់យ៉ាងសុទ្ធតែ​មានការតោង​តភ្ជាប់នឹងហេតុ​ដើមទាំងអស់ ​។ ដែលគេហៅថាថ្មីនោះ​ គឺមកពីវាមានលក្ខណៈ​ និងទម្រង់ខុស​ពីរបស់ចាស់នូវ​ផ្នែកខ្លះប៉ុណ្ណោះ ​ប៉ុន្តែការចេះបង្កើត​ថ្មីនេះគឺមាន​សារសំខាន់​ណាស់សម្រាប់​ការអភិវឌ្ឍន៍​សង្គមជាតិខ្មែរ​ទាំងមូល​ដើម្បីក្លាយជា​ព្រះរាជាណាចក្រមួយ​ដ៏រឹងមាំ​ និងត្រចះត្រចង់ ។​ បន្ទាប់ពី​មានចិត្ត​ដែលប្រកបទៅដោយកា​រអប់រំល្អប្រសើរ​, មានចំណេះដឹង​ជ្រៅជ្រះ,​ និងចំណេះ​វិជ្ជាឆ្អិនឆ្អៅ​ហើយ យុវជនក៏​ត្រូវចេះមាន​គំនិតច្នៃប្រឌិត​បង្កើតថ្មី​ទាំងទ្រឹស្ដី ​ទាំងរូបមន្ត​ ចំណេះវិជ្ជា​ និងសម្ភារៈ ​ដោយ​មិនត្រូវឱ្យ​បាត់នូវខ្លឹមធាតុ​ដើមរបស់វា​ឡើយ ។​ ធ្វើយ៉ាង​ដូច្នេះបាន ​នោះមានន័យ​ថាយុវជន​ មិនត្រឹមតែ​ចេះបង្កើត​ថ្មីប៉ុណ្ណោះទេ​ ប៉ុន្តែពួកគេ​ថែមទាំងអាច​ចូលរួមជួយ​ថែរក្សានូវ​មត៌កដើម ​ដើម្បីទុកតាំង​តម្កល់នៅ​ជាអត្តសញ្ញាណ​សម្រាប់ជាតិខ្មែរ​ថែមទៀតផង ​។ ប៉ុន្តែសូមចងចាំថា​៖ គ្រប់ការបង្កើតថ្មី​ទាំងអស់ ​ដ្បិតតែ​អាចជួយអភិវឌ្ឍន៍​ជាតិបានពិតមែន​ ប៉ុន្តែដំណើរកា​រនៃការបង្កើត​ថ្មីគ្រប់គម្រោង​ ត្រូវតែមាន​ការពិសោធន៍ឱ្យ​បានច្រើនជារឿយ​ៗ ​និងត្រូវចំណាយ​ពេលសិក្សាស្រាវជ្រា​វបន្ថែមឱ្យ​បានច្រើនមុន​នឹងសម្រេច​ផលិតនូវស្នាដៃ​ទាំងនោះចេញ​មកដើម្បី​យកទៅសាប​ព្រោះ​ បោះផ្សាយ​អនុញ្ញាតិ​ឱ្យប្រើប្រាស់ជា​សាធារណៈ ​ធ្វើយ៉ាង​នេះគឺដើម្បី​ចៀសវាង​នូវការបំពុល​ទាំងបរិស្ថាន​ធម្មជាតិ ​បរិស្ថានសុខភាពផ្លូវកាយ​ និងបរិស្ថាន​សុខភាពចិ​ត្តគំនិតរ​បស់ប្រជាជន​ក្នុងសង្គមរួ​មជាមួយគ្នាផងដែរ​ ។

៤.​ ត្រូវចេះចង​ក្រងទុកឱ្យបានល្អ​ និងសាបព្រោះបន្ត​៖ សង្គមខ្មែរ​ ធាតុពិត​ បុព្វបុរសពីអតីតកាល​ លោកក៏មានវិញ្ញាណ​បែបនេះដូចគ្នាដែរ ​។ មិនមែន​ត្រឹមតែចេះដឹង​តែខ្លួនឯង​ ប៉ុន្តែលោកក៏ព្យាយាម​បង្រៀន​មនុស្សជំនាន់​ក្រោយឱ្យបានយល់​ដឹងដូចគ្នា​ ។ មិនត្រឹម​តែអាចបង្កើត​អរិយធម៌-វ​ប្បធម៌កំពូលៗ​ឡើង​ដើម្បីតែភាព​រុងរឿងរីកចម្រើន​សម្រាប់តែ​សម័យកាល​របស់អស់​លោកប៉ុណ្ណោះទេ ​ប៉ុន្តែបុព្វបុរសខ្មែរ​ ក៏បានរៀបចំ​ចងក្រងបន្សល់​ទុកជាតឹកតាង ​ជាមេរៀន​ និងជារូបមន្ត​ស​ម្រាប់​មនុស្សជំនាន់​ក្រោយៗ​ដើម្បីយក​ទៅសិក្សា​រៀនសូត្រ​ និងបំបែក​ផងដែរ​ ប៉ុន្តែដោយសារ​តែមានការផ្ទុះ​ឡើងនៃក​លិយុគជាច្រើន​ជំនាន់​ ទើបមាន​មត៌ករូបមន្ត​សំខាន់ៗ​មួយចំនួន​ត្រូវបាន​បាត់បង់​ ក៏ប៉ុន្តែ​នេះពុំមែន​ជាបញ្ហាធំ​សម្រាប់​សង្គមជាតិ​ខ្មែរឡើយ​ អ្វីដែល​សំខាន់នោះគឺ​យុវជនខ្មែរ​ត្រូវមានធម្មជាតិ​នៃការចេះព្យាយាម​តាមប្រមាញ់​ ស្រាវជ្រាវ ​បំបែក​ និងបង្កើតថ្មី​ត្រឡប់មកវិញ ​ដោយយោង​តាមលំនាំហេតុចាស់​ និងត្រូវចេះចង​ក្រងអ្វី​ដែលជាសមិទ្ធផល​ស្រាវជ្រាវថ្មីៗ​ទាំងនោះទុកជា​មត៌ក ជាក្បួន ​និងជារូបមន្ត​សម្រាប់ការ​អភិវឌ្ឍន៍មនុស្ស​ជំនាន់ក្រោយៗរបស់ខ្លួន ​។ ​លើសពីនេះទៅទៀត ​វិធីក្នុងការរក្សាក្បួន ​និងរូបមន្តសំខាន់ៗ​ទាំងឡាយនោះ ​គឺត្រូវបង្កើតនូវទីតាំង​/មជ្ឈមណ្ឌល​សំខាន់ៗ​ធំទូលំទូលាយ​ឱ្យបានច្រើន​ដើម្បីតម្កល់​ទុកឯកសារទាំង​នោះឱ្យល្អ ​និងមានសុវត្ថិភាព ​នៅទូទាំងប្រទេស​ ដើម្បីឱ្យយុវជន​នៅទូទាំង​ប្រទេសអាច​ចូលទៅស្វែងយល់​បានគ្រប់ៗគ្នា ។​


៥.​ ត្រូវចេះស្គាល់​ខ្លួនឯង៖ ​ពាក្យថាយុវជន​ប្រកបដោយ​សក្ដានុពល​ គឺត្រូវតែមាន​ចិត្តពោរពេញ​ដោយថាមពល,​ មានគំនិត​ប្រាជ្ញាឈ្លាសវៃ, ​និងមានបញ្ញាញាណ ​ដែលកើតចេញ​មកពីការខិតខំ​ស្រាវជ្រាវរក​នូវរូបមន្តទ្រឹស្ដី​ខ្ពង់ខ្ពស់​, ល្អិតល្អន់សុខុម,​ មានប្រយោជន៍​ និងប្រសើរក្រៃលែង​ មកធ្វើជា​ក្បួនសម្រាប់​ដឹកនាំ​ជីវិតរបស់ខ្លួន​ជាប្រចាំ ​។ កាលណា​សភាវៈ​ទាំង៣ខាងលើ​នេះកើត​ឡើងហើយ​ យុវជន​ក៏ត្រូវចេះពីរ​បៀបថែក្សាសុខុមាលភាព​ផ្លូវកាយរបស់ខ្លួន​ឱ្យបានល្អប្រសើរ​ជាប្រចាំផងដែរ ​ពោលគឺត្រូវហូប​អាហារឱ្យបានទៀងទាត់​, សម្រាកឱ្យបាន​គ្រប់គ្រាន់, ​ធ្វើលំហាត់ប្រាណជាប្រចាំ​, អង្គុយធ្វើ​សមាធិឱ្យចិត្ត​បានស្ងប់, ​និង​ត្រូវហូប​តែអាហារណា​ដែលមាន​ប្រយោជន៍​សម្រាប់​អភិវឌ្ឍន៍​ប្រព័ន្ធសរីរាង្គកាយ​ និងប្រព័ន្ធ​គំនិតប្រាជ្ញាស្មារតី​ផងដែរ ​។ យុវជនដែល​ស្គាល់​ខ្លួនឯង ​គឺជាយុវជន​ដែលចេះស្រឡាញ់​ខ្លួនឯង, ​ជាយុវជន​ដែលចេះយល់​ដឹងថាជីវិត​របស់ខ្លួនត្រូវកា​ររូបធាតុ​ និងធម្មធាតុ​មានប្រយោជន៍​អ្វីខ្លះ​ដើម្បីយកមក​ទ្រទ្រង់ជីវិត​របស់ខ្លួនឱ្យ​បានល្អប្រសើរ​ ។ ត្រូវចងចាំថា៖ ​ដើម្បីស្គាល់​សង្គមខាង​ក្រៅឱ្យបានច្បាស់ ​គឺយុវជនត្រូវចេះស្គាល់ខ្លួ​នឯងឱ្យ​បានច្បាស់ជាមុនសិន ។​ បើចង់ចូលរួម​ជួយលើកជ្រោង​អរិយភាពរបស់សង្គមជាតិខ្មែរ​, ចូលរួមជួយ​អភិវឌ្ឍន៍សង្គម​ជាតិខ្មែរឱ្យប្រកប​ដោយភាពរុងរឿង​រីកចម្រើន​ និងសុខសន្តិភាព​បាន គឺ​យុវជនខ្លួ​នឯងត្រូវតែចេះ​អភិវឌ្ឍន៍ទាំងចិត្ត​ គំនិតប្រាជ្ញា ​បញ្ញាញាណ​ និងសុខភាព​ផ្លូវកាយរបស់ខ្លួន​ឱ្យមានសក្ដានុពលភាព ​ថាមពល គុណភាព ​និងប្រសិទ្ធភាពជាមុនសិន ​។ ដូចពាក្យចាស់​លោកពោលថា៖ ​“សន្សឹមៗ​កុំបំបោល ​ក្រែងពុំដល់ដូចប្រាថ្នា”,​ “រក្សាព្រៃឱ្យគង់ មិ​នខ្លាចនូវការ​គម្រាមកំហែង​ពីបម្រែ​បម្រួល​អាកាសធាតុ​ ឬការឡើងក​ម្ដៅភពផែនដីឡើយ” ៕​


ប្រសិនជា​ប្រិយមិត្តមាន​វិធីសាស្រ្ត​មានប្រយោជន៍ថ្មីៗ​ ឬអាថ៌កំបាំង​ជីវិតដែលទា​ក់ទងនឹងស្នេហា ​មុខជំនួញ ​ការសិក្សា​ ឬវិធីសាស្រ្តគ្រប់គ្រង ​ជាដើម ​ហើយគិតថា​មានប្រយោជន៍​ក្នុងការផ្លាស់ប្ដូរជីវិត​ប្រជាជនខ្មែរ​នៅក្នុងសង្គមរ​បស់យើងឱ្យ​មានភាពល្អប្រសើរឡើ​ង, ឬជាសារប្រកប​ដោយឧត្តមគតិ​ចង់ផ្ញើរទៅ​ដាស់តឿន​នរណាម្នាក់​, លោកអ្នក​អាចផ្ញើរមកកាន់ ​E​mail:​ hengyong.peacewalker@gmail.com ​។ ​យើងខ្ញុំនឹងជួយ​ទម្លាយ​នូវអាថ៌កំបាំង​ទាំងនោះជូន​លោកអ្នក ។ ​ការសម្ងាត់នឹង​ត្រូវបានរក្សាជូន !​

*ចំណាំ៖​ អត្ថបទត្រូវ​ប្រកបដោយ៖ (សីលធម៌​, មានប្រយោជន៍​សម្រាប់សង្គម​ខ្មែរ​, មិនខុសវេយ្យាករណ៍ខ្មែ​រ, មានរបៀបរៀបរយ​)​ ។​



ដោយ៖ ឈូកស
Cool FM 100.7

Related News

Comment..