អ្វីដែលអ្នកគួរដឹងអំពីកោះ Guam ដែននៃដើមហេតុនៃជម្លោះរវាងកូរ៉េ និងអាមេរិក

Comment (s) / 10-Aug-2017មនុស្សនិងសង្គម


រាប់ត្រឹមក្នុងខែកក្កដាតែមួយ ប្រទេសកូរ៉េខាងជើងដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តគ្រួសារនិយម បក្សពួកនិយមជ្រុល បានបង្ហោះសាកល្បងនូវគ្រាប់បែកអន្តរទ្វីប (ICBM) របស់ខ្លួនចំនួនពីរលើក ដែលនាំឱ្យសហគមន៍អន្តរជាតិសម្មត់ថា បច្ចេកវិទ្យាចុងក្រោយរបស់កួរ៉េខាងជើងអាចនឹងមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរទៅកម្ទេចរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបាន ។ តាមសម្ដីរបស់មូលដ្ឋានយោធាជាតិកូរ៉េខាងជើងបានប្រកាសក្ដែងៗជាសាធារណៈថា៖ ខ្លួននឹងគ្រោងពាំគ្រាប់បែក​នុយ​ក្លេ​អ៊ែរ​ទៅទម្លាក់លើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅកោះ Guam នេះឱ្យរលាយទៅជាផេះបាន នៅថ្ងៃណាមួយមិនខាន បើប្រទេសនេះនៅតែមកកកូរកកាយបញ្ហាក្នុងឧបទ្វីបកូរ៉េឱ្យកាន់តែក្ដៅឡើងៗនោះ ។


កម្ដៅនយោបាយអន្តរជាតិបានចាប់ផ្ដើមកើនឡើងកាន់តែខ្លាំងឡើងៗ ខណៈដែលសហរដ្ឋអាមេរិកបានជម្រុញឱ្យអន្តរជាតិ ជាពិសេសគឺប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិរួមគ្នាបោះឆ្នោតគាំទ្រការចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្រិតធ្ងន់ទៅលើរបបលោកគីម ជុងអ៊ុន ដើម្បីឱ្យរដ្ឋាភិបាលនៃប្រទេសនេះបញ្ឈប់ជាបន្ទាន់នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ ណាមួយទៀត លោកប្រធានាធិបតី ដូណាល់ត្រាំ ថ្មីៗនេះក៏បានព្រមានផងដែរថា៖ សហរដ្ឋអាមេរិកនឹងពិចារណាលើ​ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ ប្រសិនជាស្ថានការប្រែប្រួលខ្លាំង ។


យ៉ាងណាមិញ មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង វាគឺជាមូលហេតុដ៏ចម្បងមួយដែលធ្វើឱ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកមិនស្ទើរ ប៉ុន្តែអ្វីដែលនាំឱ្យកូរ៉េខាងជើងក្ដៅក្រហាយជាងនេះទៅទៀតនោះ គឺមូលដ្ឋានទ័ពដ៏ធំមួយទៀតរបស់អាមេរិកនៅលើកោះគួម (Guam) ដែលមានចម្ងាយជាង២,២០០ (Mile) ពីឧបទ្វីបកូរ៉េ និងជាង៤,០០០ (Mile) ពីកោះហាវ៉ៃ របស់សហរដ្ឋអាមេរិក ។ 


កោះគួមនេះ មានទំហំសរុបជាង៣៣៧ គីឡូម៉ែត្រការ៉េ ។ កោះនេះមានវត្តមានកងទ័ពអាមេរិកសកម្មចំនួនជាង៦,០០០នាក់កំពុងឈរជើង, និងមានប្រជាជនសរុបចំនួន១៦ម៉ឺននាក់រស់នៅ ។ វាគឺជាមូលដ្ឋានទ័ពដ៏សំខាន់មួយរបស់អាមេរិកក្នុងការតម្កល់សព្វាវុធសំខាន់ៗរួមមានប្រព័ន្ធប្រឆាំងគ្រាប់បែកមីស៊ីលអន្តរទ្វីប នាវាមុជទឹក យន្តហោះ B-52 យន្តហោះប្រដេញ ដែលសុទ្ធតែមានសមត្ថភាពផ្ទុកអាវុធប្រល័យលោកទាំងអស់ ដែលអាចទប់ទល់រាល់ការប៉ុនប៉ងបង្ហោះគ្រាប់បែកទៅទម្លាក់លើទឹកដីសហរដ្ឋ​អាមេរិក ឬប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាជប៉ុន និងកូរ៉េខាងត្បូងជាដើម ។


អតីតកាលរបស់កោះ Guam ពីដើមឡើយវាគឺជាកោះរបស់ប្រទេសអាស៉្បាញក្នុងឆ្នាំ១៥៦៥ទេ ប៉ុន្តែក្រោយមកនៅឆ្នាំ១៨៩៨ សហរដ្ឋអាមេរិកក៏បានវាយយកបានក្នុងសម័យសង្គ្រាមអាមេរិក-អេស៉្បាញ ។ ប្រជាជនទាំងអស់រស់នៅលើកោះនេះគឺមានសេរីភាពជាងរដ្ឋឯទៀតៗរបស់អាមេរិក ពោលគឺមិនចាំបាច់ទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរដ្ឋ, ជ្រើសរើសប្រធានាធិបតី និងមិនចាំបាច់បង់ពន្ធជូនរដ្ឋឡើយ ៕





ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..