រឿងអកុសលទាំង៥ចំណុច ដែលនិយោជកតែងជម្រុញឱ្យបុគ្គលិកល្អៗបង្ខំចិត្តវេចបង្វិចដើរចេញ

Comment (s) / 15-Aug-2017មនុស្សនិងសង្គម


មាន២សំនួរ ដែលនិយោជកគ្រប់ៗរូបគប្បីសួរខ្លួនឯងជាមុនសិន មុននឹងឈានចូលទៅដល់ការបង្ហាញអំពីអកុសលហេតុទាំង៥ចំណុច ដែលខ្លួនតែងតែធ្វើចំពោះបុគ្គលិកឆ្នើមៗដែលជម្រុញឱ្យពួកគេបង្ខំចិត្តវេចបង្វិច ។ ១. តើអ្នកចំណាយប្រាក់ជ្រើសរើសបុគ្គលិកមកដើម្បីអ្វី? តើអ្នកចំណាយប្រាក់ជួលបុគ្គលិកឆ្នើមៗទាំងនោះមកដើម្បីអ្វី? បើដើម្បីគិតតែផលប្រយោជន៍ហោប៉ៅផ្ទាល់ខ្លួនរបស់អ្នកទេ នោះអ្នកគឺជានិយោជកដែលបរាជ័យជារៀងរហូតហើយ ។ ប៉ុន្តែបើដើម្បីវឌ្ឍនភាពទាំងអស់គ្នា នោះអ្នកគួរ​តែ​ចៀសវាងបញ្ហាអកុសលទាំង៥ចំណុចខាងក្រោមនេះ ។


១. ដាក់ទម្ងន់ការងារដល់បុគ្គលិកឆ្នើមច្រើនពេក

ប្រសិន​បើអ្នកគិតថា ពួកគេគឺជាបុគ្គលិកឆ្នើមមានទាំងបទពិសោធន៍ច្រើនឆ្នាំ មានទាំងចំណេះវិជ្ជាខ្ពង់ខ្ពស់ មានទាំងខ្សែបណ្ដាញក្នុងសង្គមច្រើន មានសមត្ថភាពជាដើម ហើយអ្នកចាប់តាំងដាក់ការងារឱ្យពួកគេធ្វើហួសប្រមាណ ហួសម៉ោង ហួសកម្រិត, ទោះបីជាពួកគេអាចធ្វើបានក៏ដោយ ក៏ចរិតបុគ្គលិកឆ្នើមៗគេមិនចូលចិត្តបរិយាកាសការងារបែបនេះនោះទេ ហើយមិនយូរឡើយ គេនឹងវេចបង្វិចរត់ចោលអ្នកមិនខាន ។


២. មើលស្រាលកិច្ចខិតខំរបស់បុគ្គលិកឆ្នើម

បើមិនចង់ឱ្យពួកគេរត់ចោលអ្នកទេ ចូរអ្នកព្យាយាមឱ្យតម្លៃដល់កិច្ចខិតខំរបស់ពួកគេ ទោះបីជាបានលទ្ធផលកម្រិតប៉ុណ្ណាក៏ដោយ និងត្រូវលើកទឹកចិត្តបុគ្គលិករបស់អ្នកឱ្យបន្តស្មារតីក្លៀវក្លាដើម្បីប្រយោជន៍រួមបន្តទៀត ។ ចៀសឱ្យបាន ការមើលរំលង ឬការ​ប្រើប្រាស់ភាសាបន្ទោសបង្អាប់មើលស្រាលដល់បុគ្គលិកឆ្នើមៗរបស់ខ្លួន ប៉ុន្តែក៏មិនមែនមានន័យថា៖ អ្នកត្រូវទ្រគេរហូតដល់បាត់បង់ភាពជាមេដឹកនាំនោះដែរ ។


៣. អត់ខ្វល់ពីបុគ្គលិក

ចាំណា! មនោសញ្ចេតនាមេនិងកូនចៅគឺសំខាន់ណាស់ ។ បើអ្នកស្រឡាញ់កូនៗរបស់អ្នកយ៉ាងណា អ្នកក៏គួរតែយកចិត្តទុកដាក់មើលថែរក្សា ខ្វាយខ្វល់ដល់បុគ្គលិករបស់អ្នកយ៉ាងនោះផងដែរ ។ បើត្រូវការអ្នកឆ្នើមៗឱ្យមកជួយអ្នក រឿងដំបូងបំផុតដែលអ្នកត្រូវធ្វើ គឺប្រើមនោសញ្ចេតនាស្មោះសរក្នុងនាមជាមេដឹកនាំ ដោយកុំបង្កប់នូវកលល្បិចណាមួយចំពោះពួកគេឡើយ ។


៤. មើលមនុស្សខុស, លើកបុគ្គលិកខុស!

នេះគឺជាបញ្ហាធំណាស់ ហើយក៏ជាបញ្ហាមួយដែលតែងតែកើតឡើងចំពោះក្រុមហ៊ុន និងស្ថាប័នរដ្ឋនានាជាច្រើនផងដែរ ។ បុគ្គលិកឆ្នើមគេខិតខំធ្វើការចង់ងាប់ ប្រឹងប្រែងកសាងសមិទ្ធផលទាំងចំណូល និងកិត្តិសព្ទជូនក្រុមហ៊ុន ប៉ុន្តែវាមានអាអ្នកមិនធ្វើអ្វីសោះ ឬធ្វើបានតិចតួចព្យាយាមរកកលល្បិចពង្វក់ថៅកែឱ្យជឿតាមពាក្យញុះញង់របស់ពពួកមេរោគក្រុមហ៊ុនអស់ទាំងនោះ រហូតដល់កើតការសង្ស័យចំពោះបុគ្គលិកល្អៗរបស់ខ្លួន និងលើកបន្តុបក្រុមលាបពណ៌ ក្រុមពពួកដាច់សីល៥នោះទៅវិញ ។ ប្រយ័ត្ន​ឱ្យមែនទែន!!! គេឆ្នើម គេហ៊ានមកបម្រើអ្នកដោយចិត្តស្មោះសរ ហើយគេក៏ហ៊ានដើរចេញទុកឱ្យអ្នកនៅវិលវល់ ដោយចិត្តស្មោះសរផងដែរ ។


៥. ខ្ជីខ្ជា! មិនអើពើនឹងការពង្រឹងជំនាញរឹង និងជំនាញទន់ដល់បុគ្គលិករបស់ខ្លួន៖

កុំប្រើពាក្យថា៖ អូ! ពួកគេគឺជាបុគ្គលិកឆ្នើមៗស្រាប់ហើយ, យើងមិនចាំបាច់អីត្រូវទៅពង្រឹងគេបន្ថែមទៀតទេ ។ នេះមានន័យថា៖ អ្នកទទួលជ្រកម្លប់ក្រោមដើមឈើខ្លឹមៗហើយ តែមិនចេះដឹងគុណជួយស្រោចទឹកដល់គេយ៉ាងដូច្នោះ ។ ជាមេដឹកនាំ ឬជាថៅកែ, ត្រូវចាំ! គេមិនខ្វល់ថាបុគ្គលិករបស់ខ្លួនខ្លាំងប៉ុណ្ណា ឬឆ្នើមប៉ុណ្ណាទេ អ្វីដែលគេត្រូវធ្វើជារឿយៗចំពោះបុគ្គលិករបស់ខ្លួននោះគឺ ឧស្សាហ៍អង្កេតពិនិត្យមើលថែរក្សា សួរនាំពីតម្រូវការបន្ថែមក្នុងការពង្រឹងជំនាញទន់ និងជំនាញរឹង ហើយយូរៗម្ដងអ្នកគួរតែរៀបចំឱ្យពួកគេបានទៅចូលរួមសិក្ខាសាលា ឬវគ្គបណ្ដុះបណ្ដាលស្តង់ដារអន្តរជាតិ នៅឯបរទេសម្ដងប្រចាំឆ្នាំ (បើអ្នកមានលទ្ធភាព) ៕






ដោយ៖ ឈូកស
ប្រភព៖ BI

Related News

Comment..